ក្រសួងសង្គមកិច្ចប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នេះបាន ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាពធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មាន ប្រសាសន៍ថា ឆ្នាំនេះ ទិវាជនមានពិការភាពត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីអបអរសាទរចំពោះសមិទ្ធផលជាច្រើននៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា ប្រេវ៉ាឡង់នៃអត្រាពិការភាពមាន ៤% នៃចំនួន ប្រជារាស្ត្រកម្ពុជាសរុប ហើយចំនួនអ្នកពិការមានប្រមាណជាងកន្លះលាននាក់។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ទិវាជនមាន ពិការភាពអន្តរជាតិនេះត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកឡើងវិញអំពីការតស៊ូទាមទារនូវសិទ្ធិចូល រួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៥ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់ កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាម៉េរិក និងនៅអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាព រស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់ លើសិទ្ធិជនមានពិការភាព និងការធ្វើសមាហរណកម្មជនមានពិការភាពលើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
ឯកឧត្តមថា ដោយឡែកចំពោះព្រះរាជាណាចក្រកម្ពុជាការប្រារព្ធទិវាជនមានពិការភាព នេះឡើងគឺ ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន៖ ស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពី សង្គ្រាមរាប់តោន ហើយថា ជាការពិតកន្លងមកថ្វីត្បិតតែយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើវិស័យសុខុមាលភាពជនមានពិការភាពយ៉ាងណាក៏ដោយ ក៏បងប្អូនមានពិការភាពនៅ មានឧបសគ្គជាច្រើនទៀតដូចជា ឧបសគ្គផ្នែកបរិស្ថានរូបវ័ន្ដ និងឧបសគ្គក្នុងការទំនាក់ទំនង ដែលយើងត្រូវតែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការដោះស្រាយបញ្ហា និងលុបបំបាត់ភាពរើសអើងលើជនមានពិការភាព ដែលជាកិច្ចការដ៏មានសារៈសំខាន់ចំពោះមុខ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍវិស័យពិការភាពឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធិភាពខ្ពស់៕