យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តចំពីមុខពេញទំហឹង បណ្តាលបោកក្បាលស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនម្នាក់ បែកក្បាលស្លាប់នៅនឹងកន្លែង ពេលដែលជិះម៉ូតូលឿនជ្រុលបុកចំរថយន្តសាំយ៉ុង កំពុងបើកឆ្លងផ្លូវពេញទំហឹង នៅចំណុចផ្លូវបេតុង ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូ យ៉ាងលឿនតាមបណ្តោយផ្លូវបេតុងឆ្ពោះឡើងទៅផ្លូវជាតិលេខ៣ ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្របពេលដែលមានរថយន្តសាំយ៉ុងមួយគ្រឿងកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ហើយពេលនោះរថយន្តបានបត់ឆ្វេងដៃចូលទៅផ្លូវបំបែក យុវជនខាងលើជាន់ហ្វ្រាំងម៉ូតូមិនទាន់ជ្រុលបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនខាងលើផ្លោងបោកផ្ទប់នឹងកញ្ចក់រថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា សពយុវជនមានឈ្មោះ បូណាត់ សុផាណិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្បែរទីតាំងកើតហេតុ ចំណែកតៃកុងរថយន្តឈ្មោះ ឡេង វិបុល ភេទប្រុស ២៣ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងអូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner