នាយនគរបាលជាតិជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន៣រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញចូលរួមពិធីប្រកាសឲ្យចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិចំនួន២រូប បន្ថែមទៀត និងប្រធានអង្គភាពអន្ដរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការរងនគរបាលជាតិថ្មីចំនួន២រូបនេះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក សេក ភូមី ពីប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ទៅជាអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ពីប្រធានអង្គភាពអន្ដរាគមន៍ទៅជាអគ្គស្នងការរងនគរបាលជាតិ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ឹង ដារ៉េត ត្រូវបានតែងតាំងជាប្រធានអង្គភាពអន្ដរាគមន៍ ជំនួសលោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលតែងតែលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ហើយឆ្លើយតបជាមួយស្នាដៃ អតីតភាព គុណសម្បត្តិ ទើបសម្ដេចសម្រេចតែងតាំងមុខតំណែងថ្មីយ៉ាងដូច្នេះ។ ឯកឧត្តម បានបញ្ជាក់ថា ការផ្ដល់តួនាទី ភារកិច្ចដល់នាយនគរបាលទាំង៣រូបនេះ ក៏ព្រោះតែបានខិតខំប្រឹងប្រែងបំពេញការងារ ហើយក៏ជាមោទនភាពរបស់កងកម្លាំងនគរបាលជាតិទាំងមូលផងដែរ ដែលមានការជឿជាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវ និងសើបអង្កេតជនបង្ក ដែលបង្ហោះវីដេអូកាត់ត ជនជាតិចិនកាប់គ្នានៅរាជធានីភ្នំពេញ ក្នុងចេតនាដើម្បីបំពុលបរិយាកាស ឬចេតនាអាក្រក់ណាមួយចំពោះរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងពីឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹម ឃឿន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីប្រកាសចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិ។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ដោយសារមានបញ្ហាទាំងអស់ហ្នឹង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានពង្រឹងបន្ថែមនូវការងារជំនាញនេះ។ ដូច្នេះជនបង្កនេះ ស្ថិតនៅក្រោមការសើបអង្កេត ដើម្បីបញ្ជាក់ពីរការពិត ព្រោះយើងមិនអាចឲ្យគាត់មកបំពុលសង្គមអ៊ីចឹងបានទេ៕