ងៀតបបែល១៩គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល រកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅផ្សារតាខ្មៅ
នៅថ្ងៃទី៥ធ្នូនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការតេស្តបឋមរកសារធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិត គុយទាវ ស្ករត្នោត ត្រីងៀត សាច់ក្រក ប្រហិតលាយគ្រឿង និងងៀតបបែល។ល។
លទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតងៀតបបែល ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន១៩ គីឡូក្រាម យកមករក្សាទុកដើម្បីដុតកម្ទេចចោល។ ជាមួយគ្នានោះ មន្ត្រីជំនាញបានដកយកគំរូបន្លែ ចំនួន១៣គំរូ ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ត្រសក់ ស្ពៃតឿ ម្ទេសប្លោក សណ្តែកកួរ ស្លឹកខ្ទឹម ផ្លែម្រះ ផ្កាកាឆាយ ប៉េងបោះ និងស្ពៃក្រញាញ់ បញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីធ្វើការវិភាគរកសំណល់ថ្នាំកសិកម្មបន្ថែមទៀត។
យោងតាមមន្ត្រីជំនាញ ចំណីអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់អាចបង្កឲ្យអ្នកទទួលទានមានជំងឺ របកស្បែក ប្រគ្រីវកាច់ និងខ្សោយក្រលៀន។ល។ ការបរិភោគអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់ត្រឹមតែ១៥ ទៅ ២០ក្រាម អាចសម្លាប់មនុស្សពេញវ័យបាន ហើយត្រឹមតែ ៥ក្រាមប៉ុណ្ណោះសម្រាប់កុមារ ដូច្នេះសារធាតុបូរ៉ាក់មិនត្រូវបានគេអនុញ្ញាតឲ្យប្រើក្នុងផលិតផលចំណីអាហារឡើយ។ ក្នុងឱកាសនោះដែរ មន្ត្រីសាខាកាំកុងត្រូលបានណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពីអនាម័យនៃការដាក់លក់ចំណីអាហារ ជៀសវាងធ្វើឱ្យផលិតផលខូចគុណភាព មានចម្លងមេរោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕