សកម្មភាពនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវហើយ នៅព្រឹកថ្ងៃទី៥ធ្នូនេះ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ001 បានធ្វើការចុះចតប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង៣០នាទី នៅអាកាសយានដ្ឋានអន្តរជាតិ វ៉ាត់តៃ(Wattay) ក្នុងទីក្រុងវៀងច័ន្ទ ក្រោមការគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា (Bosengkham Vongdara) រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ឯកឧត្តម អាំផៃ គីនដាវង់ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឡាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលឡាវ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាច្រើនរូប។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើងនៅទីស្តីការគណ:រដ្ឋមន្ត្រីឡាវ ក្នុងទីក្រុងវៀងច័ន្ទ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសមភាគីនាយករដ្ឋមន្ត្រីឡាវឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញគោរពទង់ជាតិ និងភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងវៀងច័ន្ទនៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីថ្ងៃខែកញ្ញាឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ប្រទេសទាំងពីរកម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ សម្តេចតេជោ ហ៊ុន សែន និងសមភាគីឡាវ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត បានអញ្ជើញធ្វើជំនួបចង្អៀតមួយទល់មួយ ឆ្លងកាត់អ្នកបកប្រែ មុននឹងឈានទៅកិច្ចប្រជុំកំពូលទ្វេភាគីសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ឡាវ។

បន្ទាប់ពីបានចំណាយការពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយពេលជិត២ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ ក្នុងនោះរួមមានទី១)កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ទី២)អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១ ទី៣)អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរ វប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ និងទី៤)អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner