ក្រសួងមហាផ្ទៃឈ្នះមេដាយមាសច្រើនជាងគេពីការប្រកួតកីឡាវូស៊ូ ជើងឯកថ្នាក់ជាតិឆ្នាំ២០១៨
ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅវិមានកីឡាដ្ឋានជាតិ បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបាន ម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសារទាំងអស់ ដោយក្រសួងមហាផ្ទៃបានឈរនៅចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយ មាសច្រើនជាងគេ។
លោក មិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានចាត់ទុកថា ឆ្នាំនេះ ជើងឯកជាតិកីឡាវូស៊ូទាក់ទាញបានការគាំទ្រកាន់តែខ្លាំងក្លា ដែលនេះគឺជាវឌ្ឍនភាពថ្មីមួយក្នុងដំណើរការអភិវឌ្ឍវិស័យកីឡាវូស៊ូនៅកម្ពុជាកាន់តែល្អប្រសើរ។ លោកបន្តថា ការប្រកួតនេះថ្វីត្បិតតែមានរយៈពេលខ្លី ប៉ុន្តែឆ្លងកាត់តាមការខិតខំរបស់មន្ត្រីគណៈកម្មការ ក្លិប ក៏ដូចជាកីឡាករ កីឡាការិនីបានធ្វើឲ្យព្រឹត្តិការណ៍មួយនេះទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
ជាមួយគ្នានេះ លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាវូស៊ូ ជើងឯកថ្នាក់ជាតិឆ្នាំនេះស្រូបបានកីឡាករ១០៣នាក់ និងកីឡាការិនី៨៦នាក់ សរុប១៨៩នាក់ មកពី១៦ក្លិប ដែលស្ថិតនៅរាជធានីភ្នំពេញទាំងអស់។ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូនេះ លោកបានបង្ហាញឲ្យឃើញនូវគុណភាពកីឡាករ កីឡាការិនីមានកម្រិតបច្ចេកទេសកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា ក្នុងចំណោមក្លិបកីឡាវូស៊ូដែលចូលរួមទាំង១៦នោះ គឺចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបក្រសួងមហាផ្ទៃ ដោយដណ្តើមបានមេដាយសរុបចំនួន៣៣ ក្នុងនោះមេដាយមាស១៤ ប្រាក់៧ និងសំរឹទ្ធ១២ ខណៈចំណាត់ថ្នាក់លេខ២ ក្លិបវិទ្យាល័យបាក់ទូក ឈ្នះមេដាយសរុប១៣ ក្នុងនោះមេដាសមាស៨ និងសំរឹទ្ធ៥ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបសាលាទួនហ្វា មេដាយសរុប១៤ ក្នុងនោះមេដាយមាស២ ប្រាក់៨ និងសំរឹទ្ធ៤៕