រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូប ធ្វើទស្សនកិច្ចទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជាជាច្រើនកន្លែង ត្រូវបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូប អញ្ជើញធ្វើទស្សនកិច្ច នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលក្រុមហ៊ុនរៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំ២០១៨ ជាលើកទី២។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានកែប្រែខ្លួនពីក្រុមហ៊ុនសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនយក្សមួយនៅក្នុងប្រទេសកម្ពុជា ដោយបានរួមចំណែកជួយបង្កើតការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា។

លោក លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី និងអ្នកសារព័ត៌មានទាំងអស់ ដែលត្រូវបានអញ្ជើញឲ្យទស្សនកិច្ចក្នុងក្រុមហ៊ុនរបស់លោក។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកសារព័ត៌មាន ដែលតែងតែបានផ្សព្វផ្សាយពីសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។

លោកបានបន្តថា អ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពពិតនៃសង្គម ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានផ្សព្វផ្សាយអំពីសន្តិភាព និងស្ថិរភាពនយោបាយ និងភាពរីកចម្រើននៃសង្គមកម្ពុជា ដែលជាគន្លឹះកត្តាទាក់ទាញវិនិយោគិន ឲ្យវិនិយោគនៅក្នុងប្រទេស ដូច្នេះភាពរីកចម្រើនរបស់ជាតិ ត្រូវផ្អែកមួយផ្នែកលើសារព័ត៌មាន។ ក្នុងនាមអ្នកនៅក្នុងវិស័យឯកជន លោកថា គ្មានចង់បានអ្វីក្រៅពីសន្តិភាព និងស្ថិរភាពនយោបាយ និងភាពរីកចម្រើនរបស់ប្រទេសនោះឡើយ។

លោក លាង ឃុន បានកោតសរសើរ និងចាត់ទុកអ្នកសារព័ត៌មាន ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ ដល់សង្គមជាតិ។ សហការីបានបន្ថែមថា វិស័យឯកជននានា ពុំគួរគិតតែផ្សាយពាណិជ្ជកម្ម ដោយចំណាយលុយ ទៅលើស្ពតពាណិជ្ជកម្មច្រើនពេកនោះទេ គួរតែស្វែងរកអ្នកសារព័ត៌មាន ដើម្បីឲ្យជួយផ្សព្វផ្សាយវិញ ទើបជាការប្រសើរ ព្រោះគេនឹងអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន ហើយអាជីវកម្មរបស់ខ្លួន ក៏ត្រូវបានចាប់អារម្មណ៍។ ជាមួយគ្នានេះ ឯកឧត្តម ខៀវ កាញារិទ្ធិ ក៏បានកោតសរសើរក្រុមហ៊ុននេះ ដែលមានលក្ខខណ្ឌការងារល្អ សម្រាប់កម្មករផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner