បារាំងគ្រោងកាត់បន្ថយសមាមាត្រថាមពលនុយក្លេអ៊ែររហូតដល់៥០ភាគរយនៅឆ្នាំ២០៣៥
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានធ្វើការបង្ហាញផែនការថ្មីមួយ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសបារាំង ទៅលើថាមពលនុយក្លេអ៊ែរចាប់ពី៧០ភាគរយមកនៅត្រឹម៥០ភាគរយនៅឆ្នំា២០៣៥ខាងមុខ។
យោងតាមសេចក្តីព្រាងផែនការគោលនយោបាយថាមពលរបស់ខ្លួននៅថ្ងៃអង្គារ៍នេះ លោក ម៉ាក្រុង បាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រចំនួន១៤ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន៥៨ ដែលបានកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសបារាំងនឹងត្រូវបិទ ហើយថា រដ្ឋាភិបាលក្រុងប៉ារីសមានគម្រោងបង្កើនទិន្នផលថាមពលអគ្គិសនី ឲ្យបានទ្វេដង ក៏ដូចជាបង្កើនថាមពលអគ្គិសនី៥ដងទៀតនៅឆ្នាំ២០៣០។
ទន្ទឹមគ្នានេះ លោក ម៉ាក្រុង បានលើកឡើងថា រដ្ឋាភិបាលក៏មានផែនការបោះទុនវិនិយោគប្រចាំចំនួន៧ពាន់លាន ទៅ៨ពាន់លានអឺរ៉ូ ដែលស្មើនឹង៨ពាន់លាន ទៅ៩ពាន់លានដុល្លារអាម៉េរិក សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើថាមពលកកើតឡើងវិញ។ យ៉ាងណាមិញ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ទៀតថា បើទោះបីជាបារាំងមានគម្រោងនឹងបិទរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ ប៉ុន្តែទីក្រុងប៉ារីសនឹងមិនបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរទាំងស្រុងនោះទេ៕