ជប៉ុនកំពុងពិចារណាទិញយន្តហោះចម្បាំង F-35 ចំនួន១០០គ្រឿងពីសហរដ្ឋអាម៉េរិក ដើម្បីលើកកម្ពស់ការការពារជាតិ

ជប៉ុន៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយថា រដ្ឋាភិបាលក្រុងតូក្យូកំពុងធ្វើការពិចារណាទិញយន្តហោះចម្បាំងជំនាន់ថ្មី F-35 ពីសហរដ្ឋអាម៉េរិករហូតដល់១០០គ្រឿង ក្នុងតម្លៃជាង៨,៨ពាន់លានដុល្លារ ខណៈជប៉ុនកំពុងព្យាយាមទប់ទល់ការរីកធំឡើងនៃឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់។

ជប៉ុនក៏ត្រូវគេរាយការណ៍ផងដែរថា កំពុងពិចារណាកែលម្អឲ្យប្រសើរឡើងនូវ នាវាដឹកឧទ្ធម្ភាគចក្ររបស់ខ្លួនឈ្មោះ អ៊ីហ្ស៊ូមុ (Izumo) ឲ្យទៅជានាវាដឹកយន្តហោះចម្បាំងពេញលេញ ដែលជារឿងដ៏ចាំបាច់មួយ នៅចំពោះមុខការបង្កើនឥទ្ធិពលយោធាតាមផ្លូវសមុទ្ររបស់ចិន។

ទោះបីយ៉ាងណាក៏ដោយ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមនាពេលបច្ចុប្បន្ននេះ យោធាជប៉ុនត្រូវបានដាក់កំហិតឲ្យនៅត្រឹមមានសិទ្ធិតែសម្រាប់ការពារខ្លួនឯងប៉ុណ្ណោះ ហើយជប៉ុនមានការពឹងផ្អែកធំធេងទៅលើសហរដ្ឋអាម៉េរិក ដោយឈរលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍ព័ត៌មាននេះ បានលេចឡើង ស្របពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងតែជំរុញឲ្យជប៉ុនជួយទិញបរិក្ខារយោធា ព្រមទាំងសម្ភារអាម៉េរិកដទៃៗទៀត ដោយលើកហេតុផលថា ទីក្រុងវ៉ាស៊ីនតោនមានគម្លាតឱនភាពពាណិជ្ជកម្មធំខ្លាំងជាមួយទីក្រុងតូក្យូ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner