ចំនួនមនុស្សស្លាប់កើនជិត១០០នាក់ និងច្រើនជាង២០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានចុះផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នាពេលថ្មីៗនេះ បានបន្តកើនឡើងដល់៩១នាក់ហើយ ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ ខណៈការរុករកមនុស្សបាត់ខ្លួនច្រើនជាង២០០នាក់ទៀតកំពុងបន្តនៅឡើយ។

រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានលេបត្របាក់ដោយភ្លើងឆេះព្រៃទ្រង់ទ្រាយធំចំនួនពីរ នៅក្នុងខែវិច្ឆិកានេះ មួយនៅជុំវិញទីក្រុងផារ៉ាដាយ មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមួយទៀតនៅភាគខាងត្បូងតំបន់ Ventura ស្ថិតនៅក្បែរទីក្រុងឡូស អាន់ជីលេស ហើយភ្លើងឆេះព្រៃទាំងពីរនេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យពន្លត់បានទាំងស្រុងកាលពីថ្ងៃអាទិត្យកន្លងទៅ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ភ្លើងឆេះព្រៃភាគខាងជើងបានលេបត្របាក់ផ្ទៃដីប្រហែល៦២,០០០ហិកតា និងបំផ្លិចបំផ្លាញលំនៅដ្ឋានអស់ប្រមាណជាង១៣,០០០ខ្នង ស្របពេលដែលប្រជាជនជាច្រើន បាននិងកំពុងបន្តជ្រកកោនក្នុងជំរំ ឬនៅក្នុងសណ្ឋាគារ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner