សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្លន់ មុនបញ្ជូនទៅតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យកម្លាំងជំនាញរបស់លោកធ្វើការបង្ហាញមុខជនសង្ស័យ៣នាក់ មុនបញ្ជូនទៅតុលាការ ដែលកម្លាំងរបស់លោកចុះបង្ក្រាបបាននៅចំណុចផ្ទះហ្គេមបាញ់ត្រីផ្ទះលេខ១២ ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ក្រោយពីក្រុមជនសង្ស័យទាំងនេះ យកកូនកាំបិតភ្ជង់ក (ប្លន់) យកម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគី Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ BV- ៥៨៦៤ នៅចំណុចមុខវត្តឧណ្ណាលោម ផ្លូវសុធារស ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង៤ និង០០នាទី ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបន្តឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមមាន ទី១)ឈ្មោះ លី សឿង ភេទ ប្រុសអាយុ២២ឆ្នាំ ទី២)ឈ្មោះ យស់ សុវណ្ណឌី ហៅតូ ភេទប្រុស អាយុ២០ឆ្នាំ និងទី៣)ឈ្មោះ ប្រាក់ ធី ភេទប្រុស អាយុ២៥ឆ្នាំ។ ទាំង៣នាក់មានទីលំនៅមិនពិតប្រាកដ រីឯវត្ថុតាងចាប់យកមានមួយចំនួនធំ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕