សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០ និងខ្មែរចំនួន២ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥ ផលិតស្បែកជើងចំនួន១ ផលិតបាតស្បែកជើងចំនួន១ បោះពុម្ពលើសម្លៀកបំពាក់ចំនួន២ ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។ ផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។

តាមរយៈរោងចក្រ សហគ្រាទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនក្នុងមូលដ្ឋានដូចជា ជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។ ឯកឧត្តមបានបន្តថា ដើម្បីជំរុញវិស័យឧស្សាហកម្មឲ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លានោះ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ រយៈពេលជាង១ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមសរុបចំនួន៥៩លើក ដែលមានអ្នកចូលរួមសរុប ៨៤ម៉ឺន១,៩៤៦នាក់។

សម្រាប់ខេត្តកណ្តាលវិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលចំនួន៨លើកហើយ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ បច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករនិយោជិតចំនួន ១៥ម៉ឺន ៥,១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៣៧២លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន១៧០ មានកម្មករ និយោជិតចំនួន ១៣ម៉ឺន៧,៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង៣៣០លានដុល្លារក្នុង១ឆ្នាំ។

វត្តមានរោងចក្រ សហគ្រាស គ្រឹះស្ថាននានានៅក្នុងខេត្តខេត្តកណ្តាល គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងទៅកាន់អង្គពិធីទាំងមូលថា សម្ដេតេជោ មានសេចក្ដីរីករាយ ដោយបានជួបជាមួយ កម្មករ និយោជិត នៅក្នុងខេត្តកណ្តាលជាថ្មីទៀត បន្ទាប់ពីអាក់ខានដោយបេសកម្មនៅក្រៅប្រទេស។ សម្តេថាសម្តេចនឹងបន្តជួបក្មួយៗមិនតិចជាង១០ឆ្នាំទៀតហើយបន្តជំរុញដោះស្រាយបញ្ហារបស់កម្មករដែលបានដាក់ចេញហើយពិសេសការដោះស្រាយប្រាក់ខែកម្មករឲ្យបានខ្ពស់ទៅៗក្នុងវិស័យឧស្សាហកម្ម។ សម្តេចក៏បានធ្វើការប្រៀបធៀបប្រាក់ខែកម្មករនៅបណ្តាប្រទេសមួយចំនួនមានការប្រកួតប្រជែងដើម្បីរក្សា និងការទាក់ទាញវិនិយោគ។

សម្រាប់ប្រទេសយើងបញ្ហាសំខាន់គឺប្រាក់ខែកម្មករនេះឯង ដែលរាជរដ្ឋាភិបាលត្រូវគិតគូរធ្វើយ៉ាងណារក្សាការវិនិយោគផង និងកម្មកររបស់យើងអាចបានប្រាក់ខែខ្ពស់ផងដើម្បីឲ្យប្រាក់ខែកម្មករអាចឈានដល់២៤០ទៅ២៥០ដុល្លានៅពេលខាងមុខ។ សម្តេចថាដើម្បីសម្រេចការងារនេះរាជរដ្ឋាភិបាល គណបក្សប្រជាជនបានគិតគូប្រឹងប្រែងខ្លាំងណាស់ដើម្បីទាក់ទាញរក្សាការវិយោគនៅក្នុងប្រទេសយើង។ ភ្ជាប់ជាមួយនឹងសមិទ្ធផលនៃសន្តិភាព និងការរីកចម្រើនទាំងឡាយរបស់កម្ពុជា សម្ដេចតេជោ ក៏បានអរគុណ ចំពោះកម្មករ កម្មការនី និងមាតាបិតាជដូនជីតា របស់កម្មរកម្មការនី  ដែលបានរួមដំណើរជាមួយសម្ដេច ហើយនឹងបន្តរួមដំណើរជាមួយគ្នាជាបន្តទៀត ដើម្បីកសាងប្រទេសរបស់យើងជាមួយ គណបក្សប្រជាជនជាមួយដំណើរការប្រជាធិបតេយ្យ ដោយសារក្មួយៗបានចូលរួមបោះឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវន្ឍ។

ជាថ្មីទៀតសម្តេចតេជោអំពាវនាវឲ្យបន្តតាមដានរាល់ការងារដែលបានដាក់ឱ្យអនុវត្តកន្លងមករួមមានការចរចាប្រាក់ខែកម្មករសម្រាប់ឆ្នាំ ២០១៩ ការបើកប្រាក់បៀវត្ស២សប្តាហ៍ម្តង ពិនិត្យតាមដានកម្មការនីឆ្លងទន្លេដែលមានរយៈពេលសម្រាកបីខែដោយមានប្រាក់ខែ ១២០% តាមដានពិនិត្យរបបសន្តិសុខសង្គមផ្នែកសុខភាព និងត្រួតពិនិត្យជាប្រចាំថ្លៃឈ្នួលផ្ទះ ទឹក ភ្លើង បន្តរៀបចំប្រាក់ចូលនិវត្សម្រាប់កម្មករកាត់ដេរនៅដើមឆ្នាំ២០១៩ បន្តដោះស្រាយករណីម្ចាស់រោងចក្ររត់ចោល និងចំណុចថ្មីត្រូវបង្កើនសុវត្ថិភាពលើការដឹកជញ្ជូនកម្មករ និងបន្តដោះស្រាយសម្របសម្រួលសម្រាប់ពលករនៅក្រៅប្រទេសជាដើម។

ពាក់ព័ន្ធដល់វិស័យការងារ សម្ដេចតេជោ អំពាវនាវឱ្យកម្មករ កម្មការនី ខិតខំធ្វើការរបស់ខ្លួនដើម្បីបន្តទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ខ្លួន ដែលនៅឆ្នាំ២០១៩ខាងមុខ ប្រាក់ខែគោលអប្បបរមានឹងឡើងទៅដល់១៨២ដុល្លា ហើយកុំស្ដាប់ការនិយាយបំភិតបំភ័យ ពីមនុស្សមួយចំនួន ដែលតែងតែនិយាយភូតភរ គ្រប់ពេលគ្រប់វេលានោះ។ ជាថ្មីម្ដងទៀត សម្ដេចតេជោ អំពាវនាវ កម្មករ កម្មការនី បន្តចូលរួមជាមួយសម្ដេចជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងដើម្បីធានាការអភិវឌ្ឍរបស់ប្រទេស ហើយសម្ដេច ក៏បន្តអំពាវនាវ ធ្វើយ៉ាងណា ឲ្យរោងចក្រក្លាយជាសហគមន៍ដ៏សុខសាន្ត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner