លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ “ភាពស្អិតរមួត និងការឆ្លើយតប” ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម តាមរយៈប្រព័ន្ធវីដេអូ។
ថ្នាក់ដឹកនាំអាស៊ាន បានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាកង្វល់ និងជាប្រយោជន៍រួមរបស់អាស៊ាន និង បណ្ដាប្រទេសសមាជិក ដូចជា ការកសាងសហគមន៍អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។
នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់អំពីការខាតបង់យ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុននៅក្នុងតំបន់ ដែលបង្កឡើង ដោយ ជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យមានដំណើរការនៃការបង្កើតផែនការស្តារឡើងវិញ ប្រកប ដោយ ភាពរឹងមាំ និងការប្រកួតប្រជែងសម្រាប់រយៈពេលវែង។
ថ្នាក់ដឹកនាំបានកត់សម្គាល់អំពីវឌ្ឍនភាពជាវិជ្ជមាននៃការកសាងសហគមន៍អាស៊ាន តាមរយៈការអនុវត្ត គំនិតផ្តួចផ្តើមរបស់អាស៊ានដែលមានស្រាប់ ដូចជា ផែនការការងារនៃគំនិតផ្ដួចផ្ដើម សម្រាប់សមាហរណកម្មអាស៊ានដំណាក់កាលទី៣ (IAI) និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ។ ថ្នាក់ដឹកនាំបាន ទន្ទឹងរង់ចាំ ការបង្កើតផែនការការងារ IAI ថ្មី សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីធានាឱ្យមានកំណើននៃសហគមន៍អាស៊ាន ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ថ្នាក់ដឹកនាំក៏បានពិភាក្សាអំពីភាព ចាំបាច់នៃការពង្រឹង កិច្ចខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងតំបន់ ក្នុងដំណាក់ កាល នៃ ជំងឺរាតត្បាតកូវីដ១៩ តាមរយៈការបង្កើនការតភ្ជាប់នៅក្នុងតំបន់។
ពាក់ព័ន្ធនឹងទៅនឹងទំនាក់ទំនងខាងក្រៅតំបន់ ថ្នាក់ដឹកនាំអាស៊ាន បានកត់សម្គាល់អំពីការកើនឡើងនៃចំណាប់អារម្មណ៍ពីបណ្តាប្រទេសនានា និងអង្គការតំបន់ ដែលនៅក្រៅ តំបន់អាស៊ាន ដែល ចង់ ចូលរួម និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំជាមួយអាស៊ាន។ ថ្នាក់ដឹកនាំទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរបស់ ថ្នាក់ដឹកនាំអាស៊ាន-នូវែលហ្សេឡង់ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនានៅក្នុង ឆ្នាំនេះ ដើម្បីពង្រឹងភាពជាដៃគូបន្ថែមទៀត។
ថ្នាក់ដឹកនាំ ក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម ដូចជា បញ្ហានៅរដ្ឋរ៉ាខាញ ស្ថានភាពនៅឧបទ្វីបកូរ៉េ និងការវិវត្តនៅសមុទ្រចិនខាងត្បូង។ ថ្នាក់ដឹកនាំបានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការថែរក្សាមជ្ឈភាពអាស៊ាន នៅក្នុងការវិវត្តនៃនិម្មាប នកម្មតំបន់ ការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសសារៈសំខាន់សម្រាប់អាស៊ានក្នុងការបន្តពង្រឹង ភាពរឹងមាំ ភាពស្អិតរមួត និងការឆ្លើយតប ដើម្បីសម្របទៅតាមការផ្លាស់ប្តូរ និងភាពស្មុគស្មាញក្នុងសកលលោក។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ក៏បានចូលរួមសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់
តួនាទី ស្រ្តីក្នុងយុគសម័យឌីជីថល កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC)។
ក្នុងឱកាសនៃ កិច្ចប្រជុំទាំង នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈ ដូចតទៅ៖
• ក្នុងអំឡុងពេលនៃវិបត្តិជំងឺរាតត្បាតជាសកលនេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល លើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន ។
នេះមិនមែនជាពេលសម្រាប់យើងចោទប្រកាន់គ្នា រើសអើង ឬ បែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយណាមួយនោះឡើយ។ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាតត្បាតនេះ។
• ទន្ទឹមនឹងការកត់សម្គាល់ពីភាពជោគជ័យរបស់អាស៊ាន ឆ្លើយតបទៅ នឹងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ អាស៊ានគួរបង្កើតផែនការស្តារឡើងវិញមួយ ប្រកបដោយភាពជាក់លាក់ តាមរយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និង ការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។
• សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សហគមន៍ធុរកិច្ចអាស៊ាន ចូលរួមសហការជាមួយ រដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីជំងឺ រាតត្បាត ដោយអនុវត្តការទទួល ខុសត្រូវសង្គមរបស់ សហគ្រាស (CSR) ជាពិសេសទាក់ទងនឹងការ រក្សា ការងារ និងប្រាក់ឈ្នួល។
• ឌីជីថលភាវូបនីយកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវផលិតភាព ដែលបាត់បង់ដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩។ ការរំខានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺនេះ បានធ្វើឱ្យយើងដឹងពីតម្រូវការចាំបាច់សម្រាប់អាស៊ាន ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក៏ដូចជាការគាំទ្របន្ថែមដល់សមាហរណកម្មសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។
• កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ យើងគួរបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីម័រឡេស្តេ ដើម្បីដោះស្រាយ រាល់បញ្ហាធំៗដែលប្រទេសនេះកំពុងជួបប្រទះ សំដៅជួយបំពេញរាល់នីតិវិធី និងលក្ខខណ្ឌតម្រូវចាំបាច់នានាឱ្យបានឆាប់ ។
• ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាផ្តោតលើសារៈសំខាន់នៃថែរក្សាសន្តិភាព សន្តិសុខ សិ្ថរភាព និងវិបុលភាព នៅសមុទ្រចិនខាងត្បូង។ ការវិវត្តថ្មីៗនៅសមុទ្រចិនខាងត្បូង បានបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់នៃការចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ឱ្យបានឆាប់។ ក្នុងន័យនេះ ភាគីពាក់ព័ន្ធផ្ទាល់គួរផ្តល់សារៈសំខាន់ដល់ភាពអត់ធ្មត់ និងដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញា អង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ។
• ពាក់ព័ន្ធនឹងការលើកកម្ពស់ស្ត្រី អាស៊ានគួរបង្កើនកាលានុវត្តភាពសម្រាប់ស្ត្រី ដើម្បីទទួលបាន ការអប់រំ ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) ក្នុងនោះរួមមាន ចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT)។ ការទទួលបានចំណេះដឹងអំពីអក្ខរកម្ម ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបរិយាប័ន្ន ហិរញ្ញវត្ថុ សម្រាប់ស្ត្រី គួរតែពង្រឹងបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលនៃការ ស្តារ ឡើងវិញ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់ដឹកនាំបានអនុម័តលើ “សេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ភាពស្អិតរមួត និងការឆ្លើយតបអាស៊ាន” ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់អាស៊ាន ក្នុងការប្រកាន់ខ្ជាប់នូវឯកភាព សាមគ្គីភាព និងមជ្ឈភាពអាស៊ាន ស្របពេលដែលកំពុងបង្កើនសមត្ថភាពអាស៊ានក្នុងការចាប់យកកាលានុវត្តភាព និងដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពចំពោះបញ្ហាប្រឈមនានា និងបានអនុម័ត “សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ភាពប្រែប្រួលនៃរបៀបរបបការងាររបស់សកលលោក” ដែលបានផ្តោត លើ ការ បេ្តជ្ញាចិត្តក្នុងការលើកកម្ពស់ការសិក្សារៀនសូត្រពេញមួយជីវិត ដើម្បី ឈាន ឆ្ពោះទៅរកការត្រៀមធនធានមនុស្សក្នុងតំបន់ ក្នុងការសម្របទៅតាមភាពប្រែប្រួលនៃរបៀបរបបការងាររបស់សកលលោក ដែលរងឥទ្ធិពលពីការជឿនលឿននៃបច្ចេកវិទ្យា៕