រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប
ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប ដែលគ្រោងទទួលចំណូល ប្រមាណ៣២៧.៣១១លានរៀល ខណៈគ្រោងចំណេញជាង ១០០.៨៩៧លានរៀល។ ការថ្លែងរបស់ឯកឧត្តម ដូចនេះធ្វើឡើង ក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៨ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិកជាច្រើននាក់។
ឯកឧត្តម រដ្ឋលេខាធិការបន្តថា “ទើបក្នុងឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងបន្ត ប្រតិបត្តិការរបស់ខ្លួន ដើម្បីជោគជ័យជាបន្តទៅទៀត ដោយក្នុងនោះ គ្រោងនឹងលក់ទឹក ឲ្យបានជាង២២៧លានម៉ែត្រគូប ជាមួយនឹងការតបណ្ដាញចែកចាយ ថ្មីបន្ថែមប្រវែង ២០០គីឡូ ម៉ែត្រ និងបណ្ដាញអតិថិជនថ្មីចំនួន ២០.០០០បណ្ដាញ។ យើងគ្រោងថា នឹងមានចំណូលសរុបប្រមាណ ៣២៧.៣១១លានរៀល ដោយគ្រោងចំណេញ ក្រោយបង់ពន្ធប្រមាណជាង ១០០.៨៩៧លានរៀល”។
ឯកឧត្តម អ៊ុ សុថា បញ្ជាក់ទៀតថា សមិទ្ធផលថ្មី ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានឆ្នាំ២០១៩ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទីតាំងស្ថិតនៅខណ្ឌចំការមន ដែលមានសមត្ថភាពផលិត ៥២.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលបានចាប់ផ្ដើមសាងសង់ តាំងពីខែកញ្ញា ឆ្នាំ២០១៧ រួមទាំងបំពង់ចែកចាយទឹកថ្មី ប្រវែង៥៧៤គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩។ឯកឧត្តម ថា សមិទ្ធផលថ្មីនេះ បានជួយធ្វើឲ្យសម្ពាធទឹក ក្នុងខណ្ឌទាំង៤ កណ្ដាលរាជធានីភ្នំពេញ បានប្រសើរឡើង។
ឯកឧត្តម រដ្ឋលេខាធិកាបន្ថែមថា ដោយឡែកក្នុងឆ្នាំ២០២០នេះ សមិទ្ធផលថ្មីមួយទៀត បាននិងកំពុងចាប់បដិសណ្ឋិតឡើង គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងមានសមត្ថភាពផលិតទឹកស្អាត សរុប ៣៩០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ បានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ គ្រោងបញ្ចប់ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានសម្បទាន របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប (EIB) ព្រមទាំងថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទឹកប្រាក់សរុប ៣៦៤.លាន ដុល្លារ ។
ជាទីបញ្ចប់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ពីលទ្ធផល ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខិតខំសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅរួមមាន៖
* ផលិតទឹកស្អាតបាន ២២១,៦៨៦,៥០៥ម៉ែត្រគូប
* ពង្រីកបណ្ដាញចែកចាយបន្ថែមថ្មីបាន ២៤២,៦៩ គីឡូម៉ែត្រ
* បង្កើនអតិថិជនថ្មីបានចំនួន ២៣,០៣៥ ក្នុងនោះ អតិថិជនចំណូលទាប មានចំនួន១,៣៩០គ្រួសារ
* រក្សាអត្រាទឹកបាត់បង់ត្រឹមកម្រិត ៨.៩៤%
* ចំណូលសរុបមានចំនួន ២១៦,៤៩៦,៨១៦,០០០រៀល (ជិត៥៥លានដុល្លារ)
* ចំណេញក្រោយបង់ពន្ធមានចំនួន ៣៣,២៩១,៩១៣,០០០រៀល
* ចំណេញជាមូលដ្ឋាន ក្នុងមួយភាគហ៊ុន (Basic Eamings per Share) គឺ៣៨២.៧៨រៀល។