សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យឯកជនអាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាព ចូលរួមកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩
ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាទស្សនៈថា វិស័យឯកជននៅតំបន់អាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា ការចូលរួមពីវិស័យឯកជន គឺជាកិច្ចការសំខាន់ដែលមិនអាច ខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ាន ក៏ដូចជាក្នុងបរិបទកូវីដ-១៩ នេះ។ ជាការពិត ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យមួយចំនួនធំរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលទាមទារការចូលរួមអន្តរាគមន៍ពីរដ្ឋាភិបាល។ ប៉ុន្តែវិស័យឯកជនផ្ទាល់ក៏មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល និង ត្រូវមានការគិតគូរអំពី លទ្ធភាពរបស់ខ្លួន ក្នុងការរួមចំណែកគ្រប់គ្រង និង កាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺនេះ។
សម្តេចបានបន្តថា ផ្អែកលើស្មារតីនេះ សម្រាប់វិស័យដែលមិនរងផលប៉ះពាល់ជាអវិជ្ជមាន ឬរងផលប៉ះពាល់តិចតួច វិនិយោគិន និងម្ចាស់អាជីវកម្ម ត្រូវមានការគិតគូរឱ្យបានដិតដល់ចំពោះការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសការទទួលខុសត្រូវសង្គម (Corporate social responsibility) មកលើបុគ្គលិករបស់ខ្លួន។ វិនិយោគិន និងម្ចាស់អាជីវកម្មនានាត្រូវចងចាំថា បុគ្គលិករបស់ខ្លួននេះហើយ ជាអ្នកធ្វើឱ្យអាជីវកម្ម និងការវិនិយោគ មានភាពរីកចម្រើនរហូតដល់ថ្ងៃនេះ។
វិបត្តិកូវីដ-១៩នេះ ជាឱកាលដ៏ល្អសម្រាប់វិនិយោគិន និងម្ចាស់អាជីវកម្ម បង្ហាញអំពីការដឹងគុណ និង តបស្នងដល់បុគ្គលិករបស់ខ្លួន តាមរយៈការមិនបញ្ឈប់ការងារ និងការឧបត្ថម្ភផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន។ វាជាការពិតណាស់ រដ្ឋាភិបាលប្រទេសអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុង និង ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលតែម្ខាងក៏មិនអាចដោះបញ្ហាប្រឈមទាំងឡាយបាននោះដែរ។ សម្តេចតេជោបន្ថែម។
សម្តេចបានគូសបញ្ជាក់ទៀតថា វិស័យឯកជនត្រូវចូលរួម និងសហការយ៉ាងផុសផុលជាមួយរដ្ឋាភិបាលរួមធ្លុងមួយក្នុងការដោះស្រាយ បញ្ហាប្រឈមនានាដែលកំពុងតែកើតមាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្នុងកាលៈទេសៈ និងការរីករាលដាលជំងឺកូវីដ១៩ បានក្លាយទៅជាឱកាសដ៏ប្រសើរសម្រាប់ប្រទេសអាស៊ានទាំងអស់ ដែលត្រូវជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
សម្តេចតេជោ បានលើកឡើងទៀតថា យើងទាំងអស់គ្នាបានដឹងហើយថា ជំងឺកូវីដ-១៩ បាននាំមកនូវផលអវិជ្ជមានធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ចសកលលោក និងតំបន់ ពិសេសតាមរយៈការបង្អាក់ ពាណិជ្ជកម្ម និងដំណើរការនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល ការបាត់បង់ការងារ និងការធ្លាក់ចុះនៃចំណូល។
សម្តេចបានបន្តថា វិបត្តិកូវីដ-១៩នេះ បានក្រើនរំលឹកជាថ្មីម្ដងទៀតដល់សហគមន៍យើងថា អាស៊ាននៅមានភាពខ្វះខាត និងពឹងផ្អែកច្រើនលើកត្តាខាងក្រៅ (external factors)។ ជាមួយនឹងនិន្នាការថ្មីដែលនាំមកដោយជំងឺកូវីដ១៩ គឺការផ្លាស់ប្តូរពីពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកលមកជាពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ អាស៊ានត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទាញយកប្រយោជន៍ជាអតិបរិមា ។
សម្តេចបានគូសបញ្ជាក់ទៀតថា ជារឿយៗ យើងតែងតែលើកឡើងថា ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន (ASEAN Intra-Trade) នៅមានកម្រិតទាប។ កាលៈទេសៈនេះ ជាឱកាសដ៏ប្រសើរមួយ ដែលប្រទេសអាស៊ានត្រូវជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។ ក្នុងស្មារតីនេះ ប្រទេសអាស៊ានទាំងអស់ ត្រូវបង្ហាញពីឆន្ទៈមោះមុតក្នុងការបន្តលុបបំបាត់របាំងពន្ធ និងរបាំងមិនមែនពន្ធ (Tariff and non-tariff barriers) ដែលនៅសេសសល់ឱ្យបានជាអតិបរិមា៕