ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលនាំយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៧វត្តក្នុងខេត្តសៀមរាប សម្រាប់ ឱកាសពិធីបុណ្យចូលវស្សាឆ្នាំនេះ ក៍ដូចជាបណ្តាឆ្នាំមុនៗដែរ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រួមជាមួយមន្ត្រីក្រោមឱវាទតែងតែនាំយកទៀនចំណាំវស្សានិងទេយ្យវត្ថុមួយចំនួនយកទៅប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តជាច្រើនក្នុងទូទាំងប្រទេសកម្ពុជា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ស្របពេលនេះគឺជារដូវកាលដែលបងប្អូនពុទ្ធបរិស័ទកាន់សាសនាព្រះពុទ្ធ ត្រូវធ្វើវដ្តប្រតិបត្តិ ក្នុងកំឡុងដែលព្រះសង្ឃចូលព្រះវស្សាដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខ ហើយក៏ជាតម្រូវការ ចាំបាច់របស់ព្រះសង្ឃគ្រប់អង្គ ត្រូវការនូវទេយ្យវត្ថុនិង ចតុបច្ច័យសម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គម្ពីរក្បួនខ្នាតផ្សេងៗក្នុងរដូវចូលវស្សារយៈពេល៣ខែផងដែរ ។
       ជាក់ស្តែងនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល និងសហការី បាននាំយកទៀនចំណាំវស្សាទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ៧ក្នុងខេត្តសៀមរាប  រួមមានវត្តទេពពោធិវង្ស វត្តព្រះព្រហ្មរ័ត្ន វត្តរាជបូណ៌ វត្តអង្គរខាងត្បូង វត្តអង្គរខាងជើង វត្តនៅលើខ្នងភ្នំគូលែន មានវត្តព្រះក្រាល វត្តព្រះអង្គធំ ព្រមទាំងទីសក្ការបូជាផ្សេងទៀត មានព្រះវិហារព្រះអង្គចេកព្រះអង្គចម យាយទេព លោកតារាជ្យ លោកតាពេជ្រ ជាដើមផងដែរ ។ វត្តនីមួយៗទទួលបានទៀនធំសម្រាប់ចំណាំព្រះវស្សា ១ គូ បច្ច័យមួយចំនួន រួមជាមួយទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតរួមមាន៖ សាដក អង្ករ ប្រេងម៉ាស៊ូត៣០លីត្រ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អំបិល ស្កស ទឹកដោះគោ ទឹកបរិសុទ្ធទឹកក្រូច ជាដើម។
     ឯកឧត្តម ទេសរដ្ឋមន្ត្រីបានសម្តែងនូវការគោរពនិងជឿជាក់ ក្នុងនាមជាពុទ្ធសាសនិក និងបានចាត់ទុកការនាំយកនូវទៀនវស្សានិងទេយ្យទានយកមកវេរប្រគេនព្រះសង្ឃនេះ គឺសម្រាប់ព្រះសង្ឃទុកប្រើប្រាស់នៅក្នុងទីវត្តស្របពេលដែលឆ្នាំនេះការរីការាលដាលនៃជំងឺកូវីដ១៩កំពុងរាតត្បាតជុំវិញសកលលោក ខណៈដែលប្រជាពុទ្ធបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗតាមប្រពៃណីទំនៀមទម្លាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ បានបណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផងដែរ។     ឯកឧត្តម ស៊ុន ចាន់ថុល បានបូជាធូបទៀន និងថ្វាយផ្កាភ្ញីដល់ព្រះពុទ្ឋរូប និងបានឧទ្ទិសបុណ្យកុសលរំលឹកនឹកគុណទៅដល់ មាតាបិតា ញាតិកាទាំងឡាយដែលបានចែកឋានទៅ ជាពិសេស រំលឹកនឹកគុណ ដល់អតីតវីរយុទ្ឋជនយុទ្ឋនារីកងទ័ព និងប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិតក្នុងបុព្វហេតុជាតិទាំងអស់ដែលបានបាត់បង់ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា សូមឲ្យ ដួងវិញ្ញាណក្ខ័ន្ធ លោកអ្នកទាំងអស់នោះទៅកាន់ សុគតិភពជារៀងដរាបទៅ។ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់ ព្រះចៅអធិការតាមបណ្តាវត្តមួយចំនួននោះ ថា៖ការនាំយកនូវ ទេយ្យវត្តុគ្រឿងឧបភោគបរិភោគមួយចំនួនយកមកវេរប្រគេនព្រះសង្ឃនេះគឺអាស្រ័យដោយខ្មែរយើងស្ទើរគ្រប់រូប មានជំនឿនិងគោរពទៅលើព្រះពុទ្ឋសាសនាដែលជាសានារបស់រដ្ឋ ម្យ៉ាងទៀតក្នុងរដូវវស្សាព្រះសង្ឃត្រូវនៅគង់ចាំវស្សាក្នុងអារាម រយៈពេលបីខែតាមពុទ្ធប្បញ្ញតិមិនអាចនិមន្តទៅណានោះទេ ដូច្នេះហើយចំពោះទេយ្យទាន និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលបាននាំ យកមកវេរប្រគេនគឺ ដើមី្បគ្រប់ព្រះសង្ឃទាំងអស់ ទុកប្រើប្រាស់នៅក្នុងទីវត្ត។     ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ទៀត ថា៖យើងឃើញនៅកម្ពុជាវិស័យពុទ្ឋចក្រនិងអាណាចក្រតែងតែដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ។ វិស័យពុទ្ឋចក្រអាចរីកចម្រើនទៅបាន លុះត្រាតែវិស័យអាណាចក្រមានការរីកចម្រើនផងដែរ។ហើយ ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ហេតុនេះ បងប្អូនប្រជាពលរដ្ឋ ត្រូវចេះស្រឡាញ់សន្តិភាពនិងការពារសន្តិភាព ពីព្រោះ  សន្តិភាពរកបានដោយលំបាក  យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស។
        ព្រះចរណសោភ័ណ គង់ សុភាព  ព្រះចៅអធិការវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើង មានថេរដិកាថា៖ការចូលរួមរបស់ថ្នាក់ដឹកនាំក៍ដូចជាប្រជាពុទ្ឋបរិស័ទជាមួយនឹងវិស័យព្រះពុទ្ឋសាសនា ជាកាយវិការបង្ហាញនូវការសាមគ្គីភាព ជួយទុក្ខធុរៈគ្នាទៅវិញទៅមក ជាពិសេសជួយទ្រទ្រង់នូវចតុបច្ច័យសម្រាប់ព្រះសង្ឃដែលព្រះសង្ឃនៅវត្តខ្លះនឹងជួបនូវភាពអត្តខ័តផ្នែកចង្ហាន់ ដោយព្រះសង្ឃមិនអាចនិមន្តទៅណាឆ្ងាយបាននោះទេ ព្រោះក្នុងរដូវវស្សារយៈពេលបីខែគិតចាប់ពីថ្ងៃ១រោចខែអាសាធរហូតដល់ថ្ងៃពេញបរមីខែអស្សុជ ព្រះសង្ឃត្រូវប្រតិបត្តិតាមធម៌វិន័យនិងការបញ្ញតិរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើងគឺគង់ចាំវស្សា។ចូលវស្សាជាពិធីតាមកាលដែល ប្រារព្ឋធ្វើជាទៀងទាត់រៀងរាល់ឆ្នាំ។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner