សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការលើកកម្ពស់តួនាទីស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រោះការចូលរួមចំណែករបស់ស្ត្រី ក្នុងការជំរុញកំណើន សេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន
នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំ អាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពី “ការលើកកម្ពស់តួនាទីស្ត្រី ក្នុងយុគសម័យ ឌីជីថល ដោយមានការចូលរួមពីឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីចំណុចសំខាន់ៗក្នុងសម័យប្រជុំ ពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពី “ការលើកកម្ពស់តួនាទី ស្ត្រីក្នុងយុគសម័យឌីជីថល ដូច្នេះថា៖ ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្រប ពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗ នៅក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។
សម្ដេចតេជោ បន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន, ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩ បាន បង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស, ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម, ជាពិសេស ស្ត្រី នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មាន ការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភ ពីកម្មវិធីគាំពារសង្គម ដែលជាធម្មតា គ្របដណ្ដប់លើកម្មករ-និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។
សម្ដេចបន្ថែមថា យ៉ាងណាក៏ដោយ, ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ត្រូវបានចាត់ទុកថា ជាកាលានុវត្តភាព និងជាកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេច បាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ។ ជាក់ស្តែង, ការ ចូលរួមចំណែករបស់ស្ត្រី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន ។ ហេតុនេះ, រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន, ត្រូវរួមគ្នា បង្កើត បរិយាកាសមួយអំណោយផល ដែលអាចឱ្យស្ត្រីមានភាពងាយស្រួល ក្នុងការចាប់យក កាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ។ ក្នុងន័យនេះ, អាស៊ាន គួរបន្តផ្តល់អាទិភាពខ្ពស់ ចំពោះការលើកម្ពស់ តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារដូចខាងក្រោម៖
ទី១. បង្កើនការផ្តល់សេវា និង លើកកម្ពស់ការទទួលបានសេវារបស់ស្ត្រី និង កុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ ៖ ការផ្តល់សេវា និង ទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយ ស្រួល និងមានសុវត្ថិភាព និង ការវិនិយោគ និង ការរៀបចំគោលនយោបាយ ប្រកប ដោយបរិយាប័ន្ន សំដៅផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។
ទី២. ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និង កុមារី ទទួលបាន ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT ។
ទី៣. បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈការបង្កើនការ- យល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេស សម្រាប់សហគ្រាសធុនតូច និង មធ្យម និង វិស័យ ICT, ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម, និង រៀបចំដាក់វិធានការ លើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទៅក្នុងក្របខណ្ឌនៃផែនការស្តារ សេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
ទី៤. រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត និងមធ្យម និងសហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ញាបបច្ចេកវិទ្យា ឌីជីថល, ការទទួល បានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និង ការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍ ធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជីថល។
ទី៥. ពង្រឹងជំនាញ ដូចជា អក្ខរកម្មឌីជីថល (Digital literacy) និង ការការពារអត្តសញ្ញាណ ដើម្បី ឱ្យ ស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និង ប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។
ទី៦. លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើកស្ទួយ តួនាទីស្ត្រី លើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធរវាង ប្រទេស សមាជិកអាស៊ាន ៕