ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះផុសនិង ឃុំឆ្នាល់មាន់ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំ បង ជាង៣០០គ្រួសារ ត្រូវបានបញ្ចប់ និង ឈានដល់ការកំណត់អត្តសញ្ញាណដីធ្លីលើផែនទីបិទផ្សា យ ជំហាន២ នៅពេលឆាប់ៗខាងមុខនេះ (មានវីដេអូ)
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាង៣០០គ្រួសារ និងមានក្បាលដីសរុបចំនួន៣៣៥ក្បាលដី ដែលស្ថិតនៅភូមិតានួត ចំណុចភ្នំស្នរ ឃុំព្រះផុស និងភូមិសំរោង ចំណុចដំណាក់អង្គ្រង ត្រូវបានបញ្ចប់និងឈានរហូតដល់ការសម្របសម្រួលគ្នា និងបានបង្ហាញពីទីតាំងអត្តសញ្ញាណដីធ្លីរបស់ខ្លួន ដល់ក្រុមការងារវាស់វែងដីធ្លីគ្រប់ថ្នាក់ទាំងក្នុងមូលដ្ឋាននិងក្រុមការងារមកពីថ្នាក់ខេត្តនិងបានបញ្ចប់ការវាស់វែងជំហានទី១រួចរាល់ជាស្ថាពរ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះដោយរង់ចាំតែក្រុមការងារជំនាញរបស់មន្ទីរដែនដីនគររូបនីយកម្ម សុរិយោដីនិងសំណង់ ខេត្តបាត់ដំបង បន្តនូវជំហានបច្ចេកទេសទី២របស់ខ្លួន ដើម្បីកំណត់ទីតាំងដីធ្លីនៅលើគំនូសផែនទី ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋទាំង២ឃុំខាងលើ នៅពេលឆាប់ៗខាងមុខតែប៉ុណ្ណោះ។
នេះបើតាមរបាយការណ៍គូសបញ្ជាក់ពីលោកម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ខែមិថុនានេះ ក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានជម្លោះដីធ្លីកន្លងមក ហើយដែលពេលនេះ តាមរយៈនៃការសម្របសម្រួលពីគណៈកម្មការដោះស្រាយទំនាស់ដីធ្លីទាំងថ្នាក់ស្រុកនិងថ្នាក់ខេត្តនិងដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ និងពីខាងភាគីជម្លោះទាំង២រហូតបានបញ្ចប់ទាំងស្រុង ដោយព្រមទទួលយកនូវការស្រុះស្រួលបញ្ចប់នូវបញ្ហាកើតមានកន្លងមករហូតចេញជាលទ្ធផលជាក់ស្តែង នៅថ្ងៃនេះ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងនិងក្រុមគ្រួសារទាំង២ឃុំខាងលើ គឺៈឃុំឆ្នាល់មាន់ និង ឃុំព្រះផុស ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីខេត្តនិងវត្តមានលោកប្រធានមន្ទីរដែនដីខេត្ត រួមទាំងអាជ្ញាធររដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទីនោះផ្ទាល់។ក្នុងនោះឯកឧត្តមអភិបាលខេត្តបានសំដែងនូវការសាទរនិងកោតសរសើរចំពោះកិច្ចសហការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលជាភាគីជម្លោះ ដោយបានរួមគ្នាចូលរួមដោះស្រាយ នូវបញ្ហាតាមនីតិវិធីសម្របសម្រួលគ្នា និងបានលះបង់និងធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ទើបយើងរកឃើញចំណុចគន្លឹះនិងផ្តល់ឱកាសឲ្យក្រុមការងារបានដំណើរការរហូតយើងបានបញ្ចប់នូវការកំណត់អត្តសញ្ញាណដីនិងអត្តសញ្ញាណមនុស្ស និងឈានបន្តនូវនីតិវិធីបច្ចេកទេសជំហានទី២បន្តទៀតទៅថ្ងៃខាងមុខឆាប់ៗនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងផ្តាំផ្ញើដោយបានសង្កត់ធ្ងន់ទៀតថា៖ មកដល់ពេលនេះ និងថ្ងៃនេះ យើងមិនត្រូវលង់ដោយការជឿតាមការញុះញង់ របស់ បុគ្គលអគតិណាមួយដែលអាចមកញុះញង់កេងចំណេញឬទាញយកផលប្រយោជន៍ឬអូសទាញក្នុងឧបាយកលផ្សេងៗនោះទេ។មកដល់ពេលនេះបងប្អូនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើអាជ្ញាធរខេត្តនិងអាជ្ញាធរមូលដ្ឋានបងប្អូនគ្រប់ថ្នាក់នៅទីនេះ ដោយកុំជឿឧបាយកលឬការញុះញង់ពីពួកអគតិដើរញុះញង់បង្កនូវបញ្ហាផ្សេងៗ។ហើយសូមបងប្អូនជឿជាក់ថា៖ បញ្ហាដីធ្លីក្រៅពីរាជរដ្ឋាភិបាលគ្មាននរណាមានសិទ្ធិអារកាត់និងសម្រេចបាននោះទេ។ហើយអ្វីដែលយើងបានស្រុះស្រួលគ្នានេះ គឺ៖ដើម្បីទទួលបានផលប្រយោជន៍របស់បងប្អូននៅទីផ្ទាល់តែម្តង។ ដោយសារតែការបញ្ចប់នូវជម្លោះទាំងស្រុង ដូចនេះគឺបងប្អូននៅសល់ពេលវេលាតែជាមួយក្រុមការងារដើម្បីរង់ចាំពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនិងមើលទីតាំងផែនទីដីធ្លីរបស់ខ្លួន និងដើម្បីកែតម្រូវឲ្យត្រឹមត្រូវតែប៉ុណ្ណោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )