ក្រុមហ៊ុន Xiaomi ប្រកាសចេញលក់ជាផ្លូវការកំពូលស្មាតហ្វូនចំនួន២ស៊េរី
ភ្នំពេញ៖ Xiaomi ដែលជាក្រុមហ៊ុនឈានមុនគេផ្នែកបច្ចេកវិទ្យាសកលលោក បានប្រកាសចេញលក់ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការកម្ពុជាដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើនដើម្បី រីករាយនឹងលក្ខណៈពិសេសបំផុត បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មី ដែលមានពណ៌ឆ្លុះដូចកញ្ចក់ ឯកទេសខាងថតរូប និងការច្នៃប្រឌិតខ្ពស់។ លោក Jonh Chen នាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនច្រើនជាង១០០លានគ្រឿងនៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន Mi 8 បាននាំចេញសរុបលើសពី៦លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងភាពជោគជ័យនេះ ។ យើងខ្ញុំមានក្តីរំភើបដែលនាំយកស្មាតហ្វូនស៊េរីទំនើបមកកាន់ទីផ្សារប្រទេសកម្ពុជា មុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់ ។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូបដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះ គឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ។
លោក Jonh Chen បន្តថា Mi 8 Lite សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យ បំពាក់មកជាមួយកាមេរ៉ាទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែលបំពាក់លើទូរសព្ទ Mi 8 Lite អាចចាប់យករូបភាព បានច្បាស់បំផុតដែលមិនធ្លាប់មានពីមុន ។ នៅក្នុងស្ថានភាពពន្លឺខ្សោយ sensor នឹងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ pixel 4 ឲ្យក្លាយទៅជា pixel ធំមួយ ធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ ។ លោកបន្ថែមថា ចំណែកឯទូរសព្ទ Mi 8 វិញ នៅខាងក្រោយបានបំពាក់មកជាមួយកាមេរ៉ាភ្លោះដែលប្រើបច្ចេកវិទ្យា AI និងប្រើ sensor Sony IMX363 ជា sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយ pixel ទំហំធំ សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខានក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត ។
នាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានគូសបញ្ជាក់ថា ទូរសព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់លក់នៅថ្ងៃទី១០ ខែវិច្ឆិកានេះ ដោយទូរសព្ទ Mi 8 Lite មានតម្លៃចាប់ពី២៥៩ដុល្លារ ដល់ ២៩៩ដុល្លារ និងទូរសព្ទ Mi 8 Pro មានតម្លៃ៥៩៩ដុល្លារ៕ម.ន