ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តលង្កា
ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ដឹកនាំដោយលោកជំទាវ ឌិត នីតា សហប្រធានក្រុមហ៊ុនអប្សរាព័ត៌មាន រួមមានមន្ត្រី បុគ្គលិក ជាច្រើននាក់ បានអញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី១១ វត្តលង្កា រាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្ដានដែលបានចែកឋានទៅកាន់បរិលោកខាងមុខសូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ ។
មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេស បួងសួងសុំពរជ័យពីវត្ថុស័ក្តិសិទ្ធិ អោយទូរទស្សន៍អប្សរា មានការរីកចំរើនជោគជ័យ និង លេចធ្លោក្នុងវិស័យព័ត៌មាន ។
លោកជំទាវ ឌិត នីតា និង ថ្នាក់ដឹកនាំវិទ្យុ និង ទូរទស្សន៍អប្សរា ក៏បាន បួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខ សេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ៕