អភិបាលខេត្តបាត់ដំបងជំរុញដល់អាជ្ញាធរក្រោមឱវាទ ត្រូវរឹតបន្តឹងក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង “ប្រចាំខែ” កាលពីល្ងាច ថ្ងៃទី០៣ ខែតុលា ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានផ្តោតនូវការពិភាក្សាទៅលើបញ្ហាប្រឈមមួយចំនួនដែលជំរុញឲ្យរដ្ឋបាលក្រុងស្រុក និងមន្ទីរជំនាញពាក់ពន្ធ័ទាំងអស់ត្រូវ តែពង្រឹងក្នុងកិច្ចសហការរៀបចំដោះស្រាយឱ្យបានល្អ នូវសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងក្នុង ខេត្ត និងតំបន់ព្រំដែនឲ្យមានស្ថេរភាពល្អប្រសើរ។ ព្រមជាមួយគ្នានេះ ក៏ត្រូវបន្តពង្រឹងស្ថេរភាពសន្តិសុខនៅគ្រប់មូលដ្ឋានទាំងក្នុងការបង្ការទប់ស្កាត់កុំ ឲ្យកើតមាននូវអំពើភេរវកម្ម ការបង្កចលាចលតាមគ្រប់រូបភាព ពីក្រុមចលនាប្រឆាំងខុសច្បាប់ និងទប់ស្កាត់ឲ្យបាននូវបទល្មើសឧក្រិដ្ឋ អំពើប្លន់ប្រដាប់ អាវុធ ជាដើម។

ឯកឧត្តមបានជំរុញឲ្យអាជ្ញាធររដ្ឋបាលសាលាក្រុងបាត់ដំបង ត្រូវបន្តរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត  ដែលស្ថិតក្នុងដែនភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន។ ហើយបណ្តាមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ក៏ត្រូវតែមានវិធានការក្នុងការ ទប់ ស្កាត់ លុបបំបាត់នូវរាល់បាតុភាពអសកម្ម ដែលរារាំងដល់ការអភិវឌ្ឍនៅក្នុងខេត្ត។ ជាក់ស្តែង ដូចជាការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសំខាន់ៗក្នុង ក្រុង ផ្លូវប្របមាត់ស្ទឹងសង្កែ តាមដងនៅផ្លូវជុំវិញផ្សារណាត់ និងការកែលម្អនៅតាមសួនច្បារក្នុងក្រុង ដើម្បីធ្វើយ៉ាងណា ឲ្យការរៀបចំកែលម្អ សោភ័ណភាពក្រុង ដែលជាបេះដូងរបស់ខេត្តកាន់តែប្រសើរឡើងថែមទៀត។ ពាក់ព័ន្ធពីបញ្ហាស្ថានីយ៍ប្រេងឥន្ធនៈខុសច្បាប់មួយចំនួនក្នុងក្រុង ជាពិសេសស្ថានី យ៍ខុសច្បាប់នៅភូមិអូរតាគាំ ក្នុងសង្កាត់ទួលតាឯក ដែលកន្លងមកទទួលរងនូវបណ្តឹងតវ៉ាពីប្រជាពលរដ្ឋមិនឲ្យបើកដំណើរការ ដោយសារតែបង្កនូវហានិភ័យក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន   នោះហើយក៏ត្រូវបន្តតាមដានត្រួតពិនិត្យមើលពីស្ថានីយ៍ប្រេងឥន្ធនៈ មួយចំនួនដែលសាងសង់មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអាច បង្កនូវហានិភ័យធ្វើឲ្យប៉ះពាល់ដល់លំនៅឋានពលរដ្ឋ។ 

ទាក់ទិនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខឆាប់ៗនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យភ្ជុំបិណ្យចំពោះអ្នកដែលប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ត្រូវមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងពេលធ្វើចរាចរណ៍លើដងផ្លូវ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយនូវការបាត់បង់អាយុជីវិត និង ការខូចខាត ទ្រព្យសម្បត្តិដោយសារតែគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាប្រឈមដែលអាចកើតឡើងភ្លាមៗ ក្នុងករណីដែលអ្នកប្រើប្រាស់ផ្លូវ មានការធ្វេសប្រហែស  ដោយមិនគោរពច្បាប់ច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner