ក្រសួងទេសចរណ៍ ថោង ខុន បញ្ជាក់ថា កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅ ស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងទេសចរណ៍ ថោង ខុន បញ្ជាក់ថា កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅ ស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ
ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនពាក់ព័ន្ធ នឹងក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរពយកំពេញ នៃខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍លំដាប់ខ្ពស់មួយនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយថា  រាជរដ្ឋា ភិបាលកម្ពុជាបាននិងកំពុងខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត ។
ឯ ឧ ថោង ខុន បានប្រាប់ឲ្យដឹងថា ការអនុញ្ញាតឲ្យវិស័យឯកជនធ្វើការវិនិយោគបង្កើតផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរសមុទ្រនោះគឺស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២ -២០២០ របស់រាជរដ្ឋាភិបាល ។ រាល់គំរោងអភិវឌ្ឍន៍ណាក៏ដោយដែលគោរព អនុវត្តតាមគោលការណ៍ណែនាំនៃការគ្រប់គ្រងឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល គួរត្រូវបានលើកទឹកចិត្ត ។ នៅតំបន់សមុទ្រ ទន្ទឹមនឹងការខិតខំថែរក្សាឆ្នេរខ្សាច់ឲ្យបានស្អាត ដើម្បីការកំសាន្តរបស់ទេសចរ និង កែសម្រួលការអភិវឌ្ឍខុសឆ្គងកន្លងមកដែលកំពុងមាន គឺជាកិច្ចការដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាកំពុងខិតខំធ្វើ ។ ព្រមជាមួយនេះ ក៏ត្រូវខិតខំសិក្សារកវិធីទាក់ ទាញឲ្យមាន ការវិនិយោគជារមណីយដ្ឋានសម្រាកលម្ហែកម្សាន្តការកសាងឲ្យមានចំណតទូកក្តោង Marina ។ល។
ទីតាំងពយកំពេញនេះ គឺសមស្របទៅនឹងផែនការយុទ្ធសាស្ត្រនេះណាស់ ។ តំបន់ឆ្នេរសមុទ្រកម្ពុជាដែលមាន៤ខេត្ត មានកោះជាង៦០  ឆ្នេរខ្សាច់ ឆ្នេរ ថ្មធំ ថ្មតូច ប្រវែង ៤៤០គីឡូម៉ែត្រ ក៏ពិតមែន តែកន្លែងទាំងនោះក៏នៅពុំទាន់បានអភិវឌ្ឍជាកន្លែងកម្សាន្តសម្រាប់ទេសចរទាំងអស់នៅឡើយ ដោយកន្លែងខ្លះ ពុំទាន់មានហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ចូលទៅបាន ។ ផ្ទុយទៅវិញ កន្លែងខ្លះមានផ្លូវចូលទៅហើយ តែពុំទាន់មានការវិនិយោគ ដែលចាំបាច់ត្រូវមានអ្នកវិនិយោគដែលមានស្នាដៃជំនាញ និងប្រវត្តិយល់ដឹងពីការកាពារបរិស្ថានឆ្នេរសមុទ្រច្បាស់លាស់ល្អទើបអនុញ្ញាតបាន ។
កន្លែងខ្លះដែលពុំមានឆ្នេរខ្សាច់ក៏ត្រូវសិក្សាបង្កើតឲ្យមានឆ្នេរខ្សាច់ ។ ដូចនៅខេត្តកែប ឆ្នេរខ្សាច់ដែលមាននៅក្នុងទីក្រុងកែបបច្ចុប្បន្ន គឺមិនមែនជាឆ្នេរខ្សាច់ធម្មជាតិនោះទេ តែជាឆ្នេរខ្សាច់សិប្បនិម្មិត ដែលលោកអភិបាលក្រុងកែបក្នុងជំនាន់មុនឆ្នាំ ១៩៧០ បានយកខ្សាច់ទៅចាក់បំពេញ ដើម្បីបង្កើតឡើង (ហើយក្រោយមក យើងក៏បន្តថែរក្សាចាក់បំពេញរហូតមក) ខណៈពេលដែលឆ្នេរខ្សាច់អង្កោលដ៏វែងមានក្នុងខេត្តនេះក៏មិនទានអាចរៀបចំបាន ។ ដូច្នេះ គោលដៅដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងអភិវឌ្ឍនៅតំបន់ឆ្នេរសមុទ្រមាន៣គឺ កោះ ឆ្នេរខ្សាច់ និងទីក្រុងជាប់ឆ្នេរ ។
ឯកឧត្តម រដ្ឋមន្ត្រី បានរំលឹកឡើងនូវទស្សនទាននៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពមួយឃ្លាថា «អភិរក្សបម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍបម្រើឱ្យការអភិវឌ្ឍ» ដោយប្រទេសកម្ពុជាសម្បូរដោយសក្តានុពលបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ល្អស្អាតជាច្រើនកន្លែង (ប្រាសាទបុរាណ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់ទេសចរណ៍ធម្មជាតិ/អេកូទេសចរណ៍ជាដើម) ដែលអាចបង្កើតជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញបានយ៉ាងច្រើន សម្រាប់បច្ចុប្បន្ន និងទៅអនាគត ហើយផលិតផលទេសចរណ៍ទាំងនោះនឹងនាំមកនូវចំណូលយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ បង្កើតឲ្យមាននូវឱកាសការងារ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ដូច្នេះ រាល់គម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ទោះបីជានៅក្នុងកម្រិតតូច មធ្យម ធំ ឬទោះបីនៅទីកន្លែងណាក៏ដោយ ក៏ត្រូវបានគិតគូរយកចិត្តទុកដាក់ដល់ការអភិរក្សជាមុន ។ ប៉ុន្តែការអភិរក្សមិនមែនមានន័យថាជាការរារាំងដល់ការអភិវឌ្ឍនោះទេ ខណៈដែលគម្រោងអភិវឌ្ឍន៍ទាំងឡាយនោះ តំរូវបាន បម្រើឱ្យការអភិរក្ស ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner