តំណាងក្រសួងការបរទេសបារាំងទទួលបន្ទុកផ្នែកសោតទស្សន៍ប្រចាំតំបន់ ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយជាមួយ វិទ្យុ និងទូរទស្សន៍អប្សរា
ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នារាជធានីភ្នំពេញ ប្រធានផ្នែកសោតទស្សន៍ប្រចាំតំបន់នៃក្រសួងការបរទេស សាធារណៈរដ្ឋបារាំង ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Fédéric ALLIOD បានបង្ហាញពីចំណាប់អារម្មណ៍លើការរីកចំរើនរបស់វិទ្យុ និងទូរទស្សន៍អប្សរា និងការបង្កើតកិច្ចសហការរវាងបណ្តាញផ្សព្វផ្សាយបារាំងនិងវិទ្យុ និងទូរទស្សន៍អប្សរា។
លោក Fédéric ALLIOD បានបង្ហាញថា រដ្ឋាភិបាលបារាំង តាមរយៈលោកជាប្រធានទទួលបន្ទុកផ្នែកសោតទស្សន៍ប្រចាំតំបន់ដែលមានប្រទេសចំនួន៥ រួមមានកម្ពុជា វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា នៃក្រសួងការបរទេសបារាំង មានបំណងបង្កើតទំនាក់ទំនងរវបាងទូរទស្សន៍បារំង និងវិទ្យុ និងទូរទស្សន៍អប្សរា ឈានឆ្ពោះទៅកិច្ចសហប្រតិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេស។
លោកខ្វៃ អាទិត្យា បានបញ្ជាក់ថា ៖ វិទ្យុនិងទូរទស្សន៍អប្សរាកំពុងធ្វើការអភិវឌ្ឍខ្លួនទាំងផ្នែកខ្លឹមសារ និងបច្ចេកទេស ឆ្ពោះទៅគោលដៅបណ្តាញផ្សព្វផ្សាយក្នុងស្រុកឈានមុខគេ ខាងផ្នែកព័ត៌មាននិងអប់រំ។ លោកអគ្គនាយកបានបន្តទៀតថា វិទ្យុនិងទូរទស្សន៍អប្សរាក្នុងពេលបច្ចុប្បន្ន បានកំណត់ផែនការទំនើបកម្មប្រព័ន្ឋផ្សព្វផ្សាយ ក្រៅពីផ្សាយតាមប្រព័ន្ឋវិទ្យុនិងទូរទស្សន៍នៅលើដី ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានអប្សរា តាមរយៈប្រព័ន្ឋអនឡាញ មានដូចជា ៖ វេបសាយ Apsara Central គេហទំព័រហ្វេសប៊ុក Apsara TV News និងApsara Central ហើយនឹងApp Apsara Central ផងដែរ ។ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា មានទស្សនវិស័យក្នុងការពង្រីកការងារផ្សព្វផ្សាយឆ្ពោះទៅផ្លាស់ប្តូរប្រព័ន្ឋផ្សាយពីអាណាឡូក ទៅជាប្រព័ន្ឋអេចឌី ហើយអនាគតជាទូរទស្សន៍ ឌីជីថល។
លោកខ្វៃ អាទិត្យា ក៏បានបញ្ជាក់ផងដែរថា ៖ អប្សរាក៏មានបញ្ហាមួយចំនួនដូចជាចំណេះដឹងធនធានមនុស្សនិងសម្ភារៈបច្ចេកទេសនៅមានកំរិតក្នុងការផ្សព្វផ្សាយតាមប្រព័ន្ឋទំនើប។ នៅក្នុងទិសដៅរបស់ខ្លួនវិទ្យុ និងទូរទស្សន៍អប្សរា ត្រូវការដៃគូសហប្រតិបត្តិការដើម្បីសម្រេចនូវទស្សនវិស័យរបស់ខ្លួន ជាពិសេសលើការផា្លស់ប្តូរព័ត៌មាន ការផលិតកម្មវិធី និងបច្ចេកទេស ជាមួយបណ្តាញផ្សព្វផ្សាយជាតិ និងអន្តរជាតិ។
លោក Frederic ALLIOD បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ជាពិសេសក្នុងផែនការសកម្មភាពអភិវឌ្ឍន៍ប្រព័ន្ឋផ្សព្វផ្សាយឱ្យកាន់តែទំនើប តាមរយៈអនឡាញ និងគម្រោងផ្លាស់ប្តូរប្រព័ន្ឋផ្សាយជាHD។ លោកប្រធានផ្នែកសោតទស្សន៍ប្រចាំតំបន់នៃក្រសួងការបរទេស របស់សាធារៈណរដ្ឋបារាំង បានលើកឡើងពីគម្រោងនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាញទូរទស្សន៍បារាំង ជាមួយនឹងអប្សរាដោយផ្តោតសំខានើលើ៣ចំណុច គឺ៖
១-លោកសន្យាទំនាក់ទំនងរវាងទូរទស្សន៍បារាំង France 24 ផ្តល់នូវឯកសារព័ត៌មាន និងភាយន្តឯកសារ ជូននិងវិទ្យុ និងទូរទស្សន៍អប្សរា ធ្វើការផ្សព្វផ្សាយបន្តជាភាសាជាតិ ។
២- លោកនឹងជម្រុញបង្កើតបង្កើតកិច្ចសហប្រតិបត្តិការ រវាង វិទ្យុ និងទូរទស្សន៍អប្សរា ជាមួយបណ្តាញផ្សព្វផ្សាយបារាំង CFI (Canal France International) និង RFI (Radio France International) សម្រាប់ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងការផ្សព្វផ្សាយបច្ចេកផ្សព្វផ្សាយតាមអនឡាញ។
៣- លោកនឹងធ្វើការជាមួយទីភ្នាក់ងារបារាំង ក៏ដូចជាក្រុមហ៊ុនឯកជន ដែលធ្វើការលើវិស័យផ្សព្វផ្សាយព័ត៌មាន ពិនិត្យមើលកិច្ចសហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ក្នុងជំហានឆ្ពោះទៅអនាគតប្រព័ន្ឋផ្សាយជាឌីជីថល។
នៅក្នុងជំនួបនេះដែរ លោក Frederic ALLIOD ក៏បានស្តាប់បទបង្ហាញពីផែនការសកម្មភាពការងារនៃការធ្វើទំនើបកម្មរបស់វិទ្យុ និងទូរទស្សន៍អប្សរា និងបានធ្វើទស្សនកិច្ចតាមទីតាំង ផលិតកម្មវិធីរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕