វិទ្យុអាស៊ីសេរី ត្រូវក្លាហានប្រកាសលទ្ធផលការស្ទង់មតិប្រជាពលរដ្ឋខ្មែរលើហ្វេសប៊ុកស្តីពីការគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន

អត្ថបទដោយ៖
Kien Sereyvuth

វិទ្យុអាស៊ីសេរី ដែលល្បីថាជាវិទ្យុឯករាជ្យនាពេលកន្លងមក បានបញ្ចេញសារជាតិរបស់ខ្លួនឲ្យគេស្គាល់កាន់តែច្បាស់ថាជាវិទ្យុអាយ៉ងបរទេស សម្រាប់បម្រើការផ្សព្វផ្សាយឲ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។

សព្វថ្ងៃនេះ ពួកគេបាននឹងកំពុងធ្វើសកម្មភាពប្រឆាំងដាច់ខាត តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានលំអៀង ជម្រុញចលនាលាបពណ៌នៅកម្ពុជាឲ្យកាន់តែរីកសុះសាយ នាំឲ្យប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ព្រោះទទួលព័ត៌មានមិនពិត ជាហេតុបង្កឲ្យមាន ភាពវឹកវរចលាចលក្នុងសង្គមជាដើម។ល។

ថ្មីៗនេះដែរ វិទ្យុនេះ បានធ្វើការស្ទង់មតិជាសាធារណៈមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយកំណត់រយៈពេល៧ថ្ងៃនៃការស្ទង់មតិ ដើម្បីរកចំនួនប្រជាពលរដ្ឋដែលគំាទ្រ និងមិនគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

 រយៈពេល៧ថ្ងៃបានកន្លងផុតទៅ ការស្ទង់មតិនេះក៏បានបញ្ចប់ទាំងស្រុង ដោយរកឃើញថា មានអ្នកចូលរួមបោះឆ្នោតចំនួនជាង៨ម៉ឺន៧ពាន់នាក់ (87.2K) ក្នុងនោះអ្នកដែលបានបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន មានចំនួន 79K ស្មើនឹង៩១% និងអ្នកដែលមិនគាំទ្រ មានចំនួនត្រឹមតែ 8K ស្មើនឹង៩% ប៉ុណ្ណោះ។

លទ្ធផលនៃការស្ទង់មតិនេះ មិនខុសអំពីលទ្ធផលនៃចំនួនប្រជាពលរដ្ឋចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នៃរដ្ឋសភាដែរ ពោលគឺប្រជាពលរដ្ឋប្រមាណជាង៨៣ភាគរយទៅចូលរួមបោះឆ្នោត ដោយមិនបានស្តាប់តាមការញុះញង់ និងអំពាវនាវរបស់ក្រុមប្រឆាំងនោះទេ។

ប៉ុន្តែអ្វីដែលគេកំពុងឆ្ងល់នោះគឺ នៅពេលដែលលទ្ធផលនៃការស្ទង់មតិបានបង្ហាញរួចហើយ ហេតុអ្វីក៏វិទ្យុអាស៊ីសេរីមិនបានផ្សាយព័ត៌មានអំពីលទ្ធផលនៃការស្ទង់មតិនេះជាផ្លូវការសោះ?

នេះបង្ហាញឲ្យឃើញថាវិទ្យុអាយ៉ងមួយនេះពិតជាកំសាកជាទីបំផុត មិនហ៑ានទទួលស្គាល់ការពិត ជាពិសេសគឺមិនហ៑ានផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋខ្មែរឲ្យបានដឹង។

នេះសបញ្ជាក់ឲ្យឃើញថាវិទ្យុនេះពិតជាគ្មានវិជ្ជាជីវៈត្រឹមត្រូវ និងមិនឯករាជ្យ  ផ្សាយតែរឿងបោកប្រាស់តាមក្រុមអ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ការស្ទង់មតិនេះ គឺជាផែនការដែលមានចេតនាបង្កហេតុ និងចង់បង្ហាញឲ្យអន្តរជាតិឃើញពីចំនួនអ្នកមិនគាំទ្ររាជរដ្ឋាភិបាល តែផ្ទុយទៅវិញ ការស្ទង់មតិបានបង្ហាញលទ្ធផលបញ្ជ្រាស់អំពីការគិតនិងចង់បានរបស់ខ្លួន ហើយផែនការនេះបែរជាត្រឡប់ទៅបំផ្លាញវិទ្យុអាស៊ីសេរី និងក្រុមអ្នកនយោបាយរត់ចោលស្រុកទៅវិញ។

វិទ្យុអាស៊ីសេរី គួរតែមានភាពក្លាហានជាងនេះ ក្នុងការប្រកាសលទ្ធផលនៃការស្ទង់មតិជាផ្លូវការ ដល់ប្រជាជនខ្មែរ និងអន្តរជាតិបានដឹងការពិតផងដែរ។

 ភាពកំសាករបស់វិទ្យុអាស៊ីសេរីនៅពេលនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះដ៏ស្អុយរបស់ខ្លួន កាន់តែស្អុយទៅស្អុយទៅ និងធ្វើឲ្យប្រជាជនខ្មែរលែងមានជំនឿលើវិទ្យុអាយ៉ងនេះទៀតហើយ។

លទ្ធផលនេះគឺជាការទះកំផ្លៀងពេញមួយទំហឹងលើវិទ្យុអាស៊ីសេរី និងក្រុមអ្នកនយោបាយប្រឆាំង ជាលើកទី២ បន្ទាប់ពីបរាជ័យក្នុងការជួយផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលកន្លង។

ហើយលទ្ធផលទាំងពីរលើកនេះគួរតែគ្រប់គ្រាន់អាចធ្វើឲ្យក្រុមប្រឆាំងរត់ចោលស្រុក សម រង្ស៊ី និងវិទ្យុអាយ៉ង បានដឹងច្បាស់ថាឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរ គឺចង់ឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្ន បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រើយសុខសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខជានិច្ច។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner