ក្រសួងការបរទេសរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកនឹងរារាំងដល់កិច្ចប្រជុំរវាងប្រទេសទាំងពីរ
រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកមកលើរុស្ស៊ី នឹងធ្វើឲ្យឱកាសកាន់តែស្មុគស្មាញទៅ សម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំងពីរទៅលើបញ្ហាជាច្រើន។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារី ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មទាំងនេះ នឹងមិនអាចបង្ខំឲ្យរុស្ស៊ីដកថយពីផ្លូវដែលបានជ្រើសរើស ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ជំហានបែបនេះរបស់សហរដ្ឋអាម៉េរិក នឹងមិនចែករំលែកកិច្ចសន្ទនា និងអន្តរកម្មទ្វេភាគីប្រកបដោយការគោរព និងរីកចម្រើននោះឡើយ។
សូមជម្រាបផងដែរថា រដ្ឋបាលសហរដ្ឋអាម៉េរិកបានសម្រេចដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារដោយសារធាតុពុលមកលើអតីតមន្រ្តីចារកម្មរុស្ស៊ី លោកសឺហ្គេ ស្រ្គីប៉ាល់ និងកូនស្រី យូលី នៅក្នុងទីក្រុង សាលីបេរី ចក្រភពអង់គ្លេស កាលពីខែមិនាកន្លងទៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ បានធ្វើការច្រានចោលទាំងស្រុងរាល់ការជាប់ពាក់ព័ន្ធទាំងអស់៕