ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិអះអាងថា ឧក្រិដ្ឋកម្មសង្រ្គាមបង្កឡើងដោយភាគីទាំងអស់នៅក្នុងប្រទេសយេម៉ែន
យេម៉ែន៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានជំនឿយ៉ាងមុតមាំថា ឧក្រិដ្ឋកម្មសង្រ្គាមអាចនឹងបង្កឡើងដោយភាគីពាក់ព័ន្ធទាំងអស់នៅជម្លោះក្នុងសង្រ្គាមយេម៉ែន។ ក្នុងរបាយការណ៍ដំបូង ពួកគេបានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលយេម៉ែន កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្រពួកគេ និងក្រុមចលនាឧទ្ទាម ហ៊ូធីថា បានធ្វើរឿងតិចតួចណាស់ដើម្បីបញ្ចៀសផុតពីគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងកម្រិតទាបបំផុត។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចង់សំដៅលើការទម្លាក់គ្រាប់បែក និងការផ្លោងគ្រាប់កាំភ្លើងធំមកលើសាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ លើសពីនេះ ក្រុមអ្នកជំនាញក៏បានធ្វើការព្រមានផងដែរថា ការបិទច្រកតាមទឹក និងអាកាសរបស់កងកម្លាំងចម្រុះអាចជាឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមជំនាញសិទ្ធិមនុស្សទាំងនេះ នឹងបង្ហាញរបាយការណ៍របស់ពួកគេ ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែក្រោយនេះ៕