ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ ពីសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សុរិន ថន ប្រទានសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍នៃសាកល វិទ្យាល័យបច្ចេកវិទ្យារាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីរសៀល ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០​១​៨​។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា  ដោយផ្អែកតាមសេចក្តីសម្រេចជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សានាយកនៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ដោយបានពិនិត្យ និងទទួលស្គាល់នូវគុណតម្លៃ ប្រកបដោយឆន្ទៈខ្ពស់ក្នុងការសម្រេចឱ្យមានសមិទ្ធផល និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន រួមចំណែកលើក កម្ពស់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបែងចែកផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធនៅក្នុង វិស័យទេសចរណ៍ ពិសេសប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ ព្រមជាមួយនឹងការផ្តល់បណ្ឌិតកិត្តិយសចំនួន០៥រូបផ្សេងទៀត លើជំនាញវិស្វកម្មឧស្សាហកម្ម អប់រំ គ្រប់គ្រង និងសិល្បៈរចនា លម្អ ស្របពេលនឹងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សុរិន ថន និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់មន្រ្តីរាជការសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត សរុបប្រមាណ៦០០០នាក់។

ជាមួយនឹងសមិទ្ធផល និងវឌ្ឍនភាពគួរជាទីមោទនៈនៃវិស័យទេសចរណ៍កម្ពុជា នេះជាការពិតណាស់ គឺពិតជាបានកើតចេញមកពីការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ ជារួម និងដោយឡែក គោលនយោបាយ និងផែនការយុទ្ធ សាស្រ្តអភិវឌ្ឍទេសចរណ៍ គ្រប់ជ្រុងជ្រោយ ស្របជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយទេសចរណ៍សកល និងតំបន់ ព្រមជាមួយការចូលរួមគាំទ្រ សហការ និងអនុវត្តន៍ប្រកបដោយការ ទទួលខុស ត្រូវខ្ពស់ពីសំណាក់មន្រ្តីរាជការ ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។

សូមបញ្ជាក់ថា សាកលវិទ្យាល័យបច្ចេកវិទ្យារាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជាសកលវិទ្យាល័យមួយក្នុងចំណោមសកលវិទ្យាល័យ០៩កន្លែងទូទាំងប្រទេសថៃ (០៥សាកលវិទ្យាល័យ នៅក្រុងបាងកក និង០៤កន្លែងទៀត នៅបណ្តាខេត្ត) ដែលស្ថិតក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់របស់មហាក្សត្រីផ្ទាល់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner