កម្ពុជានិងចិនគ្រោងនឹងបង្កើនការហោះហើរពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ ឲ្យបាន៣ជើងក្នុង០១សប្តាហ៍

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី ២៨សីហាឆ្នាំនេះ  រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានអនុញ្ញាតិឱ្យគណៈប្រតិភូ តំណាងក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន (Air China) ជួបសំដែងការគួរសម និងពិភាក្សាអំពី គោលបំណងនៃក្រុមហ៊ុនអាកាសចរជាតិចិន Air China នឹងធ្វើការហោះហើរត្រង់ផ្ទាល់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ ក្នុងការឆ្លើយតបទៅនឹងទំនាក់ទំនងល្អ រវាងប្រទេសទាំង២។  ក្នុងជំនួបពិភាក្សា លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គាំទ្រដល់ក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជួយសម្រួលបែបបទ បច្ចេកទេសនានាធ្វើយ៉ាងណាឱ្យមានការហោះហើរត្រង់មកតាមពេលវេលាដែលបានគ្រោងទុក គឺការហោះហើរនឹងចាប់ផ្តើម នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ០៣ ជើងក្នុងមួយសប្តាហ៍ ។ លោក ម៉ៅ ហាវណ្ណាល់ ក៍បានបញ្ជាក់ថា តាមរយៈការហោះហើរត្រង់រវាង រដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នឹងជម្រុញនូវ ចំណងមិត្តភាពប្រទេសទាំង២ កាន់តែជិត កំណើនអ្នកដំណើរតាមផ្លូវអាកាសកាន់តែច្រើន ថែមទៀត និងមានការផ្លាស់ប្តូរពាណិជ្ចកម្មរវាងប្រទេសទាំង២កាន់តែល្អប្រសើរ។ គណៈប្រតិភូតំណាងក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន (Air China) បានថ្លែងអំណរគុណ ដល់លោកម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការគាំទ្រយ៉ាងពេញទំហឹងការហោះហើរ ត្រង់ផ្ទាល់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ។ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងឆមាសទី១ ដើមឆ្នាំ២០១៨ មានប្រមាណជាង៣លាននាក់ កើនឡើង ១២.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។  ក្នុងចំណោមនោះ ភ្ញៀវទេសចរណ៍ដែលចូលមក តាមតាមអាកាសមានចំនួន ជាង២លាននាក់ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner