កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បានជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជាង២គីឡូក្រាម
ការបង្ក្រាបករណីជួញដូរថ្នាំញៀន ធ្វើឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃ១៣ ខែកក្កដាចុងសប្ដាហ៍មុន នៅត្រង់ចំណុច ផ្ទះជួលលេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផន ពិសី ភេទស្រី ជនជាតិខ្មែរ និងវត្ថុតាង មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ពាន់២៩ក្រាម ៧៩មីលីក្រាម និងថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩ក្រាម ៥មីលីក្រាម។ ឆ្លងតាមការស្រាវជ្រាវ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៥ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនបក្សពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសបានថ្នាំញៀន មេតំហ្វេតាមីន (ICE) ៩៩៩ក្រាម ៦៦មីលីក្រាម។ សរុបទាំងពីរករណីនេះ សមត្ថកិច្ចបានចាប់បានគ្រឿងញៀនសរុបទម្ងន់ ២ពាន់១៣៨ក្រាម ៥មីលីក្រាម ក្នុងនោះ មេតំហ្វេតាមីន(ICE) ២ពាន់២៩ក្រាម៤៥មីលីក្រាម និង WY ១០៩ក្រាម ៥មីលីក្រាម៕