ក្រសួងធនធានទឹកជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គប្រុងប្រយត្ន័ទឹកជំនន់
អត្ថបទដោយ៖
Kien Sereyvuth
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ឥទ្ធិពលរបស់ប្រពន្ធ័សម្ពាធទាប ដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើង។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងអំឡុងពេល២ទៅ៣ថ្ងៃខាងមុខ ទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជានឹងហក់ឡើង ហើយចាប់ផ្ដើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅសងខាងទន្លេមេគង្គលើ។ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម និងដែលកំពុងប្រកបរបរ កសិកម្មនៅអមសងខាងផ្លូវទឹក និងតំបន់ទំនាបនានា ត្រូវរួសរាន់ប្រមូលកសិផលឲ្យបានទាន់ពេលវេលា៕