ពិធីសម្ពោធផ្លូវបេតុង ផ្លូវកៅស៊ូ DBST នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល
អត្ថបទដោយ៖
Kien Sereyvuth
ផ្លូវបេតុង ចំនួន៦ខ្សែ និងផ្លូវកៅស៊ូ DBSTចំនួន ២ខ្សែ ដែលបានត្រូវកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចម្រើននៃប្រទេសជាតិប្រកបដោយសុខសន្តិភាព និងបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ។ ការកសាងផ្លូវនេះគឺមានសារៈសំខាន់ខ្លាំងណាស់ខាងផ្នែកសេដ្ឋកិចច្ច កាលណាយើងមានផ្លូវ កសិករ រឺអាជីវករ អាចដឹកទំនិញបានងាយស្រួល សម្រួលចរាចរ កាត់បន្ថយថ្លៃធ្វើដំណើរផង។ ទាំងនេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនេះជាផ្លូវការ ដែលមានប្រជាពលរដ្ឋចូលរួមជាង ២០០០នាក់ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨។