សម្តេច ហេង សំរិន អំពាវនាវឱ្យពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា
(ត្បូងឃ្មុំ)៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបក្សតាមបណ្តាឃុំនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំពេលដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ បណ្តាគណបក្សនយោបាយ មានរយៈពេល៩ថ្ងៃ។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃ អាទិត្យទី២៩ ខែកក្កដា ខាងមុខនេះ។
សម្តេចហេង សំរិន មានប្រសាសន៍ថា ក្នុងរយៈពេល៩ថ្ងៃ នៃយុទ្ធនាការនេះ ជាទូទៅយើងសង្កេតឃើញថា បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ និងគ្មានបញ្ហាអ្វីទាំងអស់ ដោយបណ្តាគណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំបានយល់ និងគោរពតាមគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. យ៉ាងត្រឹមត្រូវ។
សម្តេចបានគូសបញ្ជាក់ថា តាមការកំណត់របស់ គ.ជ.ប. យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានរយៈពេល២១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដោយនៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីជួបបជុំដ៏ធំមួយ ដោយមានការចូលរួមពីមន្ត្រី និងសមាជិក សមាជិកាបក្សយ៉ាងកុះករ ដើម្បីជាការបង្ហាញថា បក្សប្រជាជនកម្ពុជា ជាបក្សមួយដ៏ធំ និងមានលទ្ធភាពក្នុងការដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតនេះ។ ជាមួយគ្នានេះ សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចូលរួមយ៉ាងសស្រោកសស្រាំរបស់មន្ត្រី សមាជិក សមាជិកាគណបក្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា នៅក្នុងការធ្វើសកម្មភាព ឃោសនានារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ៕