ពលរដ្ឋ ខេត្តកំពង់ចាម ទូងស្គរអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់តំបន់ប្រាសាទព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

កំពង់ចាម៖នេះដោយសារប្រទេសជាតិមានសុខសន្តិភាព​ សុវត្ថិភាព​ មានការរីកចម្រើន​ ដែលបានសម្តេចតេជោ​ ហ៊ុន​ សែន​ បានលះបង់ឥតនឿយណាយ ឥតឈប់ឈរដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសមួយប្រកបដោយភាពសុខសាន្ត​ ស្ថេរភាពនយោបាយ​ គ្មានសង្គ្រាម​ និងការការរីកចម្រើន​ ដែលបានទទួលបានស្គាល់ពីអន្តរជាតិ​ ហើយភ្ញៀវអន្តរជាតិ ក៏ចង់ស្គាល់នូវសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជា ដោយទាញភ្ញៀវអន្តរជាតិ មកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍វប្បធម៌ និងបានបង្កើននូវកំណើនសេដ្ឋកិច្ចបានមួយកម្រិតទៀតផង។

ឯកឧត្តម គួច​ ចំរើន បានលើកឡើងថា ​កម្ពុជាពិតជាមានមោទកភាពណាស់ ដែលអន្តរជាតិ បានទទួលស្គាល់នូវស្នាដៃ សម្បត្តិបេតិភណ្ឌពិភពលោក មានប្រាសាទព្រះវិហារ​ ប្រាសាទសំបូរព្រៃគុក​ ភ្លេងប្រពៃណី​ របាំប្រពៃណី​ជាច្រើនទៀត​ ដែលបានធ្វើឱ្យពិភពលោកស្គាល់ថាកម្ពុជា មានរបស់របរដ៏អសា្ចរ្យដែលមិនអាចកាត់ថ្លៃបាន ហើយត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាអភិរក្ស និងបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌ ជារបស់មនុស្សជាតិទូទៅ ទូទាំងពិភពលោក គឺមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន​ ដើម្បីឱ្យបានដឹងថាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

 ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃការដាក់តំបន់ប្រាសាទព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក យ៉ាងច្រើនកុះករ នៅក្នុងបរិវេណនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គួររំលឹកផងដែរថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។

រាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង។ អភិបាលខេត្តកំពង់ចាម​ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជនរួមជាតិ​ រួមទាំងភ្ញៀវទេសចរណ៍ ត្រូវចេះស្រឡាញ់វត្ថុបុរាណ សម្បត្តិវប្បធម៍​ ទាំងអស់​ ត្រូវចូលរួមថែរក្សា​បរិស្ថាន​ សម្បត្តិវប្បធម៌ អនាម័យ ព្រោះជារបស់យើងទាំងអស់គ្នា​ឱ្យបានគង់វង្សយូរអង្វែងតទៅទៀត៕ ដោយ លី ពៅ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner