មន្ត្ត្រីអាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក!
(ព្រះវិហារ): មន្ត្ត្រីអាជ្ញាធរជាតិព្រះវិហារ សហការជាមួយនិង រដ្ឋបាលខេត្តព្រះវិហារ រៀបចំប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧.កក្កដា.២០០៨.៧កក្តដា.២០១៨) ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិប្រាសាទព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ លោកលោកស្រី មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ប្រជាជនខ្មែរគ្រប់រូប បានលើកទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរដោយក្តីរំភើប ប្រកបដោយទឹកចិត្តស្នេហាជាតិ សាមគ្គីជាធ្លុងមួយ ក្រោយពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចប្រកាសដាក់ប្រាសាទព្រះវិហារ របស់ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក លើកទី៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
ឯកឧត្តម លើកឡើងបន្តថា ជោគជ័យដ៏ធំធេញនេះ គឺជាការសម្រេចចិត្ត ដាក់ចេញនូវទស្សនៈវិស័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានខិតខំលើកស្ទួយវប្បធម៌ជាតិលើឆាកអន្តរជាតិ ក្នុងការពញាក់ស្មារតីជនរួមជាតិ អោយរួបរួមគ្នាស្រលាញ់ ការពារប្រាសាទ និងធនធានធម្មជាតិ នៅជុំវិញប្រាសាទ អោយបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ឯកឧត្តម មាស សុភា បានលើកឡើងបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ យ៉ាងត្រចេះត្រចង់នៅក្នុងសមរភូមិការទូតដ៏លំបាក និងចំណាយពេលជាច្រើនឆ្នាំ រហូតទទួលបានការគាំទ្រពីបណ្តាលប្រទេសនៅក្នុងសកលលោក ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បតិបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះដែរ ក៏មានការលែងព្រាបបង្ហោះប៉េងប៉ោង និងនិមន្តព្រះសង្ឃចំនួន១០០អង្គរាប់បាត្រផងដែរ៕សួនលីណា