ប្រជាពលរដ្ឋជិត១ម៉ឺននាក់ចូលរួមអបអរសាទរខួប១ឆ្នាំ ការដាក់តំបន់ប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ទពិភពលោក
កំពង់ធំ៖ មន្រ្តីរាជការ សិស្សានុសិស្ស លោកយាយលោកតា និងប្រជាពលរដ្ឋ ជិតឆ្ងាយជិតមួយម៉ឺននាក់ បានអញ្ជើញមកចូលរួមអបអរសាទរ គំរបខួបមួយឆ្នាំ ការដាក់តំបន់ប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ទពិភពលោក ដែលត្រូវបានប្រារព្វពិធីអបអរទរ យ៉ាងគគ្រឹកគ្រេង នៅក្នុងបរិវេណប្រាសាទយាយព័ន្ឋ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ផាន់ ម៉ាឌី អគ្គនាយកអាជ្ញាធរសំបូរព្រៃគុក នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨។
ពិធីអបអរសាទរ គំរបខួបមួយឆ្នាំ ការដាក់តំបន់ប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ទពិភពលោក ក្នុងនោះគេសង្កេតឃើញមានលោកយាយ លោកតា និងប្រជាពលរដ្ឋជាច្រើន ចូលរួមរីករាយអបអរសាទរ យ៉ាងសប្បាយរីករាយ ក្រៃលែង ដែលប្រកបដោយការសម្តែងសិល្បះ ចម្រៀង រឿងព្រេងនិទានពីប្រវត្តនៃទឹកដីទីក្រុង ឥសាន្តបូរៈ ក្នុងសម័យ ព្រះបាតជ័យវរ័្មនទី២ ធ្វើសង្រ្គាមជាមួយជនជាតិចាម ទីតំាងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរ ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ថ្ងៃនេះប្រជាជាតិខ្មែរទំាងក្នុង និងក្រៅប្រទេស មានមោទនភាព និងសាទរជាថ្មីម្ដងទៀតដែលចូលរួមអបអរសាទរ គំរបខួបមួយឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូបានសម្រេចចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ (Kraków ប្រទេសប៉ូឡូញ ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨) ក្នុងរយះពេលមួយឆ្នាំនេះ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកំពង់ធំ និង អាជ្ញាធរសំបូរព្រៃគុគបានយកចិត្តទុកដាក់ថែរក្សាអភិរក្ស ដោយចូលរួមពីសហគមអន្តរជាតិ និងអង្គការអន្តរជាតិជាច្រើនមកជួយលើប្រាសាទសំបូរព្រៃគុកនេះ។
ឯកឧត្តម ផាន់ ម៉ាឌី អគ្គនាយកអាជ្ញាធរសំបូរព្រៃគុក បានមានប្រាសាសន៍ថា តំបន់ប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិកភណ្ទពិភពលោក គឺអាជ្ញាធរសំបូរព្រៃគុក និងអាជ្ញាធរខេត្តកំពង់ធំ និងអង្គភាពពាក់ព័ន្ឋ បានយកចិត្តទុកដាក់ គិតគូរយ៉ាងច្បាស់ ដើម្បីរៀបចំការធ្វើចរាចរណ៍ចូលក្នុងតំបន់ប្រាសាទ ដែលមិនអោយមានការប៉ះពាល់ដល់ប្រាសាទ និងបង្កើនការទាក់ទាញភ្ញៀវ ទេសចរណ៍មកកំសាន្តច្រើន រក្សានូវបរិស្ថាន អនាម័យ និងសូមសំណូមពរឲ្យភ្ញៀវជាតិ និង អន្តរជាតិ ដែលមកទស្សនាប្រាសាទ ដែលជាតំបន់វត្ថុបុរាណ ជួយគ្នាថែរក្សា ជួយគ្នាអភិរក្ស ព្រោះជាសម្បត្តិមនុស្សទូទាំងពិភពលោក សម្បត្តិរបស់យើងទាំងអស់គ្នា៕ ដោយ ប៊ុន រដ្ឋា