សិស្សកម្ពុជាចំនួន ៦៤នាក់ មកពីសាលាប៊ែលធី ចូលរួមបោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូង
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨សិស្សប៊ែលធីចំនួន ៦៤នាក់ បានទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ(World Camp 2018) នៅប្រទេសកូរ៉េ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង៤.០០០នាក់មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន ២២ចូលរួមផងដែរ។ តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ(IYF) ដើម្បីធ្វើកិច្ចសហ–ប្រតិបត្តិការជាមួយគ្នា ហើយឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិបានស្នើសុំសិស្សប៊ែលធីចំនួន ៦៤នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ទី ២៨ ខែកក្កដា ដោយបានចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំ ការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទ នៃការអប់រំបែបវិទ្យាសាស្រ្តទំនើប និងក៏បានទៅទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវិត្តសាស្រ្តនិងតំបន់ទេសចរណ៏ផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះដែរលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានមានប្រសាសន៍ថាៈនេះជាឱកាសដ៏ល្អបំផុតសម្រាប់សិស្សសាលាប៊ែលធីរបស់យើង ដែលមានឱកាសបានទៅចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិ ដែលមានការចូលរួមពីបណ្តាលប្រទេសជាច្រើនទូទាំងសកលលោក ហើយនេះគឺជាមោទនភាពរបស់ជាតិយើងទាំងមូល ក៏ដូចជាបានបង្ហាញពីការរីកចម្រើន និងសក្កានុពលលើវិស័យអប់រំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ នេះជាលើទី៥ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ ដែលមានចំនួនសរុប ៤៧៣នាក់។ គោលបំណង និងអត្ថប្រយោជន៍នៃការបញ្ជូនសិស្សអោយចូលរួមក្នុងកម្មវិធីបោះជំរំជាលក្ខណៈអន្តរជាតិនេះ រួមមាន៖
ទី១- អោយសិស្សរបស់យើងមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅនិងធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៌ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។
ទី២– អោយសិស្សរបស់យើងបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់អំពីបរិបទថ្មីៗរបស់ប្រទេសអភិវឌ្ឍន៍
ដើម្បីធ្វើជាទុនសម្រាប់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេសជាតិអោយបានរីកចំរើនទៅអនាគត។
ទី៣– ការចូលរួមបោះជំរំនេះបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិនូវភាពក្លាហាន និងមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទំលាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែល។