សល់ត្រឹមតែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចូលមកដល់ សូមបងប្អូនត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

ដើម្បីជួយជំរុញដល់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ-សង្កាត់ និងត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើនៅពេលបោះឆ្នោតដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។

ប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មាន ឬបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវយករូបថតទំហំ ៣គុន៤ ចំនួន៣សន្លឹក ថតចំពីមុខ និងនាំសាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ជាមួយ មកបង្ហាញខ្លួនដោយផ្ទាល់ ចំពោះមុខគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ឬចៅសង្កាត់ ដើម្បីបំពេញលិខិតស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ហើយត្រូវស្នើសុំក្នុងរយៈពេល៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងទៀតថា ប្រសិនបើប្រជាពលរដ្ឋចង់ពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ត្រូវអញ្ជើញទៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីស្នាក់ការគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីសុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬទៅពិនិត្យមើលឈ្មោះ នៅតាមការិយាល័យបោះឆ្នោត ដែលបិទផ្សាយមួយថ្ងៃមុនថ្ងៃបោះឆ្នោត ។ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលបញ្ជីបោះឆ្នោតនេះ នៅលើគេហទំព័ររបស់ គ.ជ.ប. ដែលមានអាសយដ្ឋាន www.voterlist.org.kh ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner