សមត្ថកិច្ចបញ្ជូន មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ទៅតុលាការថ្ងៃនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានឃាត់ជនសង្សយ័ម្នាក់ពាក់ពន្ធ័ការប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់យកស្បែកជើងគំរូចំនួន ០៨ គូ ម៉ាក MICHAEL KORS នៅចំណុចរោងចក្រស្បែកជើងហូស៊ីនតាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០០ និង ៥៧ នាទី រំលងអាធ្រាត។
ជនសង្ស័យ ឈ្មោះ វ៉ន មេត្តា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខក្រុមហ៊ុនសេវិន វ៉ាយ អេច ភីអេស។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖
-បំពង់ទីបជ័រ ចំនួន ០៤ ដើម ក្នុងនោះមួយដើមមានទំពក់សម្រាប់ខ្វារសម្ភារ
-ដែកថ្នាំងអំពៅ មានតទំពក់ខាងចុង ចំនួន ០១
-ទំពក់ឬស្សីមានតដងដែកនិងមានទំពក់ខាងចុងចំនួន ០១
-បំពង់ទីបដែក ចំនួន ០១
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ១GR-០៨៨៩។
ជនរងគ្រោះក្នុងអំពើលួចនេះ ឈ្មោះ ស៊ុន ធារ័ត្ន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ
មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ប្រធានរដ្ឋបាលរោងចក្រស្បែកជើងហូស៊ីនតាយ។ សម្ភារបាត់បង់មាន ស្បែកជើងគំរូចំនួន ០៨គូ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕