រដ្ឋាភិបាលតួកគី គ្រោងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា ដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគទុន
តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី មានបំណងចងសម្ព័ន្ធមេត្រីភាព និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងអង់ការ៉ា ក្នុងបំណងជំរុញឲ្យវិស័យទេសចរណ៍ និងការវិនិយោគទុនឲ្យមានការកើនឡើងរវាងប្រទេសទាំងពីរ តួកគី-កម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ នៃបំណងចងសម្ព័ន្ធភាពរវាងទីក្រុងនៃប្រទេសកម្ពុជា និងប្រទេសតួកគី នៅល្ងាចថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “យោងទៅតាមការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាច្រើនឆ្នាំកន្លងទៅនោះ ថ្ងៃនេះ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា តំណាងឲ្យរដ្ឋាភិបាលរបស់ខ្លួន មានបំណងចងសម្ព័ន្ធភាពមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា”។ ឯកឧត្តមលើកឡើងថា បើទីក្រុងទាំងពីរ បានចងសម្ព័ន្ធភាពជាមួយគ្នា នោះវិស័យទេសចរណ៍ និងការវិនិយោគផ្នែកសេដ្ឋកិច្ចនឹងមានការរីកចម្រើនថែមមួយកម្រិតទៀត។
ឯកឧត្តម ឃួង ស្រេង ថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្ពស់ ដោយភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍ ដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា ហើយកំណើនសេដ្ឋកិច្ចកម្ពុជា គឺមានការកើនឡើងក្នុងរង្វង់ជាង៧%ក្នុង១ឆ្នាំ ដូច្នេះហើយ មានទីក្រុងនៃប្រទេសមួយចំនួន បានចង់សម្ព័ន្ធមេត្រីភាពជាក្រុងភ្នំពេញ ដូចជាទីក្រុងប៉ារីស ប្រទេសបារាំងជាដើម។
លោកជំទាវ Ayda Unlu ឯកឧត្តមរដ្ឋទូតតួកគីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ទីក្រុងភ្នំពេញពិតជាមានការរីកចម្រើនលឿនមែនទែន ទីក្រុងភ្នំពេញ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ហើយទីក្រុងភ្នំពេញ ក៏ធ្លាប់បានជាប់សំណាត់ថ្នាក់ជាទីក្រុងស្អាតក្នុងតំបន់អាស៊ីផងដែរ”។ លោកជំទាវបានបញ្ជាក់ទៀតថា គម្រោងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងនៃប្រទេសទាំងពីរនេះ ដើម្បី ជំរុញឲ្យកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺជាភាពជោគជ័យមួយទៀត ខាងវិស័យការទូត។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលតួកគី សម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា កាលពីចុងឆ្នាំ២០១៣។ ការបើកស្ថានទូតក្នុងប្រទេសកម្ពុជា បានបង្ហាញពីទំនាក់ទំនងដ៏ល្អមួយ រវាងប្រទេសតួកគី និងប្រទេសកម្ពុជា ហើយក៏នឹងនាំមកនូវផលប្រយោជន៍ទាំងសងខាងនោះដែរ។ ការដាក់ទូតនៅក្នុងប្រទេសកម្ពុជា ក៏ជាការសម្ដែងឲ្យឃើញពីការគាំទ្រនូវរបបនយោបាយក្នុងប្រទេសកម្ពុជា ជាពិសេសរបបដឹកនាំដែលបានយករដ្ឋធម្មនុញ្ញជាគោល៕