គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅតំបន់ ជិតវារីអគ្គិសនីកំចាយប្រុងប្រយត្ន័ទឹកជំនន់
នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងព្រែកស្ថិតក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ និងក្រុងកំពត ឲ្យមានការប្រុងប្រយត្ន័។ សេចក្ដីជូនដំណឹងឲ្យបានដឹងថា ស្ថានភាពអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យទឹកធ្លាក់ចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ដល់កម្រិតត្រូវធ្វើការបង្ហូរ តាមទ្វាររំដោះទឹករបស់ទំនប់វារីអគ្គិសនី នៅចន្លោះម៉ោង៤ទៅម៉ោង៥ល្ងាច នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ជាកំណត់។ សេចក្ដីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ជាមួយគ្នានេះដែរ ក៏បានអំពាវនាវដល់អាជ្ញាធរស្រុកទឹកឈូ និងក្រុងកំពត ត្រូវយកចិត្តទុកដាក់ តាមដានសភាពការណ៍នៃកម្រិតទឹក និងត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីអាសន្នកើតឡើង៕