ព្រះមហាក្សត្រ ​តែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា បាន​ចេញ​ព្រះរាជ​ក្រឹត្យ​តែងតាំង​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី០៦ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់​ដៃ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨។

សូម​ជម្រាប​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើង​គោក ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៨ ប្រគល់​ភារកិច្ច​ជា​នាយ​សេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ស្តីទី ក្រោយ​ពី​នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និង​នាយ​សេនាធិការ​ចម្រុះ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាលទី៦។ ដូចគ្នា​នេះ​ដែរ ការ​ដែល​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ឡើង​ពី​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក ទៅ​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​ស្ដីទី គឺ​ក្រោយ​ពី​នាយឧត្តមសេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើង​គោក បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner