ភ្លើងសង្រ្គាមពាណិជ្ជកម្មនឹងផ្ទុះឡើងកាន់តែធំ ខណៈសហរដ្ឋអាម៉េរិកគ្រោងដំឡើងពន្ធ២០០ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតលើទំនិញនាំចូលពីប្រទេសចិន

សហរដ្ឋអាម៉េរិក៖ ភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែកើនឡើងកម្តៅ ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសពីគម្រោងដំឡើងពន្ធបន្ថែមទៀតលើផលិតផលនាំចូលពីរដ្ឋាភិបាលក្រុងប៉េកំាង ដែលមានទំហំទឹកប្រាក់ជាង២០០ពាន់លានដុល្លារយ៉ាងយូរនៅត្រឹមខែកញ្ញាខាងមុខនេះ ។

សេតវិមានបានឲ្យដឹងថា ការដំឡើងពន្ធ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតបទៅនឹងការធ្វើការពាណិជ្ជកម្មមិនស្មើភាពរបស់ចិន ហើយវានឹងត្រូវអនុវត្តន៍លើផលិតនាំចូលពីចិនច្រើនជាង៦.០០០មុខ ក្នុងនោះរួមមានផលិតផល ចំណីអាហារ រ៉ែ និងរបស់របរប្រើប្រាស់ដូចជាកាបូបយួរដៃជាច្រើន ។ ចំណែកឯ បណ្ដាក្រុមហ៊ុននៅក្នុងសហរដ្ឋអាម៉េរិកនឹងមានពេលរហូតដល់ខែសីហា ខាងមុខ ដើម្បីតវ៉ាមុននឹងការដំឡើងពន្ធនេះចូលជាធរមាន ។

ការប្រកាសពីគម្រោងដំឡើងពន្ធខាងលើនេះដែរ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរដំឡើងពន្ធ៣៤ពាន់លានដុល្លារដាក់គ្នាទៅវិញទៅមក និងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានថា នឹងដំឡើងពន្ធបន្ថែមប្រឆាំងនឹងចិន បើសិនជាទីក្រុងប៉េកាំងចាត់វិធានការសងសឹក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner