ឯកឧត្តម សុខ ឥសានៈ របបប្រជាធិបតេយ្យនៅកម្ពុជា
ដែលហៅថារបបប្រជាធិបតេយ្យ គឺមានធាតុផ្សំសំខាន់ៗចំនួន ៣ គឺ៖
១- មានការចូលរួមពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពទូលំទូលាយខាងនយោបាយ សេដ្ឋកិច្ច សង្គម សិល្បៈ វប្បធ៌ម នៅក្នុងសង្គម ក្នុងនាមជាម្ចាស់ប្រទេស ។
២- ប្រជាពលរដ្ឋ មានសិទ្ធិទូលំទូលាយខាងនយោបាយ ក្នុងការបង្កើតគណបក្សនយោបាយ និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ។
៣- មានយន្តការរៀបចំនិងគ្រប់គ្រងដំណើការបោះឆ្នោត ស្របតាមតួនាទី ភារកិច្ច ដែលកំណត់ដោយច្បាប់ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតនីមួយៗ គឺ គជប និងរចនាសម្ព័ន្ធចាប់ពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋានការិយាល័យបោះឆ្នោត ។
នៅព្រះរាជាណាចក្រកម្ពុជា មានគ្រប់លក្ខណៈសម្បត្តិនៃធាតុផ្សំទាំងបីខាងលើនេះ។ ដូច្នេះ ព្រះរាជាណាចក្រកម្ពុជាបានប្រកានខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស យ៉ាងត្រឹមត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ការហៅរបបប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋថា ជារបបក្រុងភ្នំពេញ គឺជាចេតនាទុច្ចរិតចង់លាបពណ៌ឲ្យរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោត ថាជារបបផ្តាច់ការ កើតចេញពីក្រុមជនមួយក្រុមនៅភ្នំពេញ ដឹកនាំមិនផ្អែកលើគោលការណ៍ច្បាប់។ ការនិយាយបែបនេះ គឺជានិយាយរំលោភលើលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ការនិយាយបែបនេះ គឺជាវប្បធ៌មលាបពណ៌ដែលក្រុមជនអគតិចូលចិត្តប្រមាថមកលើរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំភាន់មតិសាធារណៈ ជាតិ និងអន្តរជាតិ ប៉ុណ្ណោះ។
អត្ថបទៈ សុខ ឥសាន