នៅសល់ក្មេងតែ ៦នាក់ទៀតប៉ុណ្ណោះ ដែលក្រុមជួយសង្គ្រោះ រំពឹងថា នឹងចេញពីក្នុងរូងភ្នំថៃដោយជោគជ័យ ក្នុងពេលដ៏ខ្លី

បាងកក ៖ ​ក្មេងប្រុស០៦នាក់ក្នុងចំណោម១២នាក់ ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគខាងជើងប្រទេសថៃ ជាមួយ​​គ្រូបង្វឹក​ម្នាក់​ អស់រយៈពេលប្រមាណ១៥យប់កន្លងមកនេះ ទីបំផុតត្រូវបានជួយសង្រ្គោះចេញមកខាងក្រៅវិញ ដោយ​​សុវត្ថិ​ភាព​ជាបណ្តើរៗហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardia នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។ ​យោងតាមប្រភពព័ត៌មានដដែល ក្មេងជំទង់ពីរ​​ដែលចេញមកដល់ក្រៅមុន ក្នុងចំណោម០៦នាក់ខាងលើ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្រ្គោះ​បន្ទាន់ ទៅ​កាន់​ឧទ្ធ​ម្ភាគ​ចក្រ​​ដើម្បី​​​ដឹក​​បន្ត​​ទៅ​​កាន់​​មន្ទីរ​​ពេទ្យ​​ខេត្ត​​ឈៀង​​រ៉ៃ ចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីតំបន់​​រូង​ភ្នំ​ថាំលួង។ មកទល់ពេលនេះ ក្មេងប្រុសទាំង០៦នាក់ បានចេញមកដល់ក្រៅរូបភ្នំ តាំងពីប៉ុន្មានម៉ោងមុនម្តងម្នាក់ៗ។

គួរជម្រាបថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរបានសម្រេចចាប់ផ្តើមការជួយសង្រ្គោះមនុស្សទាំង១៣នាក់ ដែលបានជាប់ក្នុង​រូងភ្នំ​ថាំ​លួង ​នៃស្រុកម៉ែសៃ ខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស​ថៃ តាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយទើបតែត្រូវបានរកឃើញកាលពី​ដើមខែកក្កដានេះ ឲ្យចេញមកខាងក្រៅវិញ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញមុជទឹក​ ដើម្បី​​​ជួយអមដំណើរពួកគេ។ ពីដំបូងឡើយ​អាជ្ញាធរថៃ បានរំពឹងថា ទម្រាំតែអ្នកដំបូងគេចេញមកដល់ខាងក្រៅគឺរហូតទាល់តែម៉ោង០៩យប់នេះឯណោះ ប៉ុន្តែក្មេងពីរនាក់ដែលត្រូវ​បានសង្រ្គោះចេញផុតពីរូងភ្នំដំបូងគេ គឺកាលម៉ោងខ្ទង់៦យប់នេះ ពោលគឺ០៣ម៉ោងមុនការរំពឹងទុក។ ចំណែកក្មេង០៦នាក់ទៀត ព្រម​ទាំងគ្រូបង្វឹក ត្រូវគេរំពឹងថា នឹងចេញមកដល់ខាងក្រៅនាពេលឆាប់ៗខាងមុខដូចគ្នាដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner