ស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ៖ ប្រមុខការទូតសហរដ្ឋអាម៉រិកធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងហើយ
កូរ៉េខាងជើង៖ រដ្ឋមន្រ្តីការបរទេសអាម៉រិកលោក ម៉ៃ ប៉ុមប៉េអូ ធ្វើដំណើរទៅដល់រដ្ឋធានី ព្យុងយ៉ាង ហើយនៅក្នុងថ្ងៃព្រហស្បតិ៍ត សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយរូបលោកកំពុងស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ និងរងសំពាធខ្លាំងក្នុងការបង្កើតអោយមានសញ្ញាវិជ្ជមាននៃដំណើរវិវត្តន៍ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង ។
មន្រ្តីការទូតកំពូលរបស់សហរដ្ឋអាម៉េរិករូបនេះ បានផ្តល់រឿងរ៉ាវលម្អិតតិចតួចប៉ុណ្ណោះ ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចចរចា បន្ទាប់ពីជំនួបកំពូលកាលពីខែមិថុនា កន្លងទៅ នៅប្រទេសសិង្ហបុរី រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ប៉ុន្តែប្រមុខការទូតអាម៉រិករូបនេះ ដឹងច្បាស់ថា លោកត្រូវតែវិលត្រឡប់មកវិញពីដំណើរទស្សនកិច្ចលើកទី៣របស់លោក ទៅកាន់កូរ៉េខាងជើង ជាមួយនឹងផែនការរឹងមាំច្បាស់លាស់ សម្រាប់ដំណើរឆ្ពោះ ទៅរកការរំសាយអាវុធនុយក្លេអ៊ែរពិតប្រាកដនៅតំបន់ឧបទ្វីបកូរ៉េ។
សូមបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់បានបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងជើងចំនួន២លើករួចមកហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលោក ប៉ុមប៉េអូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រូបលោកមិនចង់បង្ហាញពេលវេលានៃជំនួបនោះទេ ហើយរឿងម្យ៉ាងដែលលោកត្រូវដឹងនោះ គឺត្រូវតែធ្វើឲ្យលោក គីម ជុងអ៊ុន ប្តេជ្ញាចិត្តខ្លាំង ចំពោះការបោះបង់ ចោលកម្មវិធីនុយក្លេអ៊ែរ ហើយលោកមានគម្រោងពិភាក្សាលើជំហានបន្តបន្ទាប់ ពេលដែលពួកលោកជួបគ្នាក្នុងសប្តាហ៍នេះ៕