ពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាជូនដល់សិស្សអនុវិទ្យាល័យ-វិទ្យាល័យ ជាង១០០០នាក់ នៅស្រុកប្រាសាទបល្ល័ង្គ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ ៖ វិស័យព្រះពុទ្ធសាសនា ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរជាច្រើនសម័យតាំងពីដូនតា ដែលបានគោរពប្រណិប័តន៍តៗគ្នា និងជាសាសនាបង្គោលរបស់ជនជាតិខ្មែរ ដែលមានអាយុកាលជាង២៥០០ឆ្នាំមកហើយ ក្នុងនោះវិស័យព្រះពុទ្ធសាសនា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

ព្រះពុទ្ធសាសនា បានដើរតួនាទីសំខាន់ ក្នុងសម័យតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមានការរីចម្រើនលូតលាស់យ៉ាងលឿន ទាំងពុទ្ធចក្រ និងអាណាចក្រ ដើរទទឹមគ្នា។ បច្ចុប្បន្នពុទ្ធសាសនាត្រូវបានចុះអប់រំសីលធម៌ដល់សិស្សានុសិស្ស តាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមបណ្តាញប្រព័ន្ឋផ្សព្វផ្សាយជាច្រើនដូចជា វិទ្យុទូរទស្សន៍ជាដើម។ ជាកស់ស្តែងសិស្សានុសិស្សវិទ្យាល័យ អនុវិទ្យាល័យជាង១០០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្គ បានចូលរួមពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា ដោយមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ  ជាអធិបតីភាព រួមទាំងសម្តេចព្រះសង្ឃឈឹង ប៊ុនឈា មន្រ្តីរាជការចូលរួមយ៉ាងច្រើនកុះករ នៅវិទ្យាល័យស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយឧបត្ថម្ភទាំងស្រុង នូវកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាដែលបានរៀបចំឡើងចំនួន៣លើក ដោយកម្មវិធីនេះពិតជាមានសារៈប្រយោជន៍ ចំពោះសិស្សានុសិស្ស និងមន្រ្តីរាជការ កងកម្លាំងប្រជាពលរដ្ឋ និងសូមឲ្យក្មួយៗយកចិត្តទុកដាក់ ស្តាប់នូវសង្ឃដីការបស់សម្តេចព្រះអង្គ អប់រំដល់ក្មួយៗពិតជាមានភ័ពវាសនាណាស់ ដែលកើតមករស់នៅក្រោមប្រទេសមានសន្តិភាព ដែលបានមកដោយការលំបាក ដោយការតស៊ូបូជាសាច់ស្រស់ ឈាមស្រស់របស់ បុព្វបុរសយើង ជាពិសេសសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចហ៊ុន សែន ដែលបានខំនាំសន្តិភាពមកឲ្យយើងថ្ងៃនេះ ក្មួយៗទាំងអស់សុទ្ធតែពុំបានឆ្លងកាត់របបយង់ឃ្នងប្រល័យពូជសាសន៍នេះ ប៉ុន្តែក្មួយត្រូវតែរក្សាប្រវត្តិដ៏ឈឺចាប់នេះ មិនត្រូវឲ្យរបបនេះវិលត្រឡប់មកម្តងទៀតទេ យើងត្រូវខិតខំរក្សាសន្តិភាពបន្តទៀត។

លោកជំទាវ ខៀវស៊ីណា ជាចាន់តូ បានមានប្រសាសន៍ថា ដោយប្រទេសជាតិមានសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះបើមានសម្តេច ហ៊ុន សែន គឺមានសន្តិភាព មានការអភិវឌ្ឍ ដូច្នេះបើក្មួយត្រូវការសន្តិភាព សូមជួយណែនាំពុកម៉ែបងប្អូន ឲ្យបោះឆ្នោតជូនសម្តេចហ៊ុន សែន ដើម្បីឲ្យក្មួយមានឳកាសទៅសិស្សាបន្តទៀត។ ក្មួយៗបានឃើញស្រាប់ហើយ ប្រទេសកម្ពុជាយើង នៃអតីតកាលកន្លងមកទោះជាជំនាន់ណាក៏ដោយ គឺពុំមានសន្តិភាពបានយូរអង្វែងដូចជំនាន់សម្តេចតេជោ ហ៊ុន សែន ឡើយ ។

នៅក្នុងពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្ស គឺផ្តោតលើការធ្វើអំពើល្អ និងដឹងគុណចំពោះបិតាមាតា ប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងជាមនុស្សល្អ ដើម្បីក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃ អនាគត មាតាបិតាគឺជាអ្នកមានគុណដ៏ធំធេង ដោយគ្មានគុណណាប្រៀបធៀបបានឡើយ ក្រោយពីសិស្សានុសិស្សទាំងអស់ បានស្តាប់ការអប់រំរបស់សម្តេចសង្ឃ បានធ្វើឲ្យពួកគេមានការភ្ញាក់រលឹក នូវកំហុសឆ្គង ចំពោះមាតាបិតា ដែលបានធ្វើឲ្យគាត់ពិបាកចិត្ត មិនស្តាប់បង្គាប់របស់ឳពុកម្តាយ ក្លាយខ្លួនជាកូនដែលប្រព្រឹត្តអំពើអាក្រក់ ដោយសារគិតខុស  បានធ្វើឲ្យសិស្សមួយចំនួនធំ ស្រក់ទឹកភ្នែកដោយទទួលកំហុសរបស់ ខ្លួនដែលបានធ្វើកន្លងមក ចំពោះឳពុកម្តាយ។ ក្នុងនោះក៏មានការផ្តល់នូវឳវាទណែនាំល្អៗដល់សិស្សតំណាង ឲ្យសិស្សទាំងជាង១០០០នាក់ ឲ្យត្រឡប់ទៅវិញ ក្រាបសំពះសុំខមាលទោសពីលោកឳពុក អ្នកម្តាយ ហើយធ្វើជាកូនល្អរបស់ឳពុកម្តាយជារៀងរហូត។
ដោយៈ  ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner