មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាបនៅតែបន្តចុះត្រួតពិនិត្យលើម្ហូបអាហារ ដើម្បីស្វែងរកទំនិញគ្មានគុណភាព និងហួសកាលបរិច្ឆេទនៅផ្សារក្រោម
សៀមរាប៖ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាបនៅតែបន្តចុះត្រួតពិនិត្យលើម្ហូបអាហារជារឿយៗ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីស្វែងរកនៅទំនិញគ្មានគុណភាព គ្មានអានាម័យ និងហួសកាលបរិច្ឆេទជាច្រើនថែមទៀតនៅក្នុងផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងផ្សារក្រោមពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងម្ហូបចំណីមួយគ្មានគុណភាព ព្រមទាំងអានាម័យមិនល្អឡើយនោះទេ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ គ្រឿងឧបភោគ បរិភោគរួមមានដូចជា៖ សាច់ក្រក ស្ពៃជ្រក់ សណ្តែកបណ្តុះ គុយទាវ ជ្រក់ទំពាំង ស្ករត្នោត មឹក បង្គា សមុទ្ររបស់ថៃ របស់ខ្មែរ និងគ្រឿងកំប៉ុង ដបជាដើមពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។
លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានឲ្យថា៖ ចំពោះម្ហូបចំណីអាហារដែលបងប្អូនប្រជាពលរដ្ឋតែងតែទិញយកទៅប្រើប្រាស់នឹងលក់ដូរមួយចំនួនធំនៅតាមផ្សារឬតាមតូបខ្លះៗ យើងបានធ្វើការណែនាំដល់អាជីវករលក់ចាប់ហួយនៅក្នុងផ្សារឬតាមតូប ជាពិសេសបានណែនាំពីសារៈសំខាន់នៃការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវឲ្យមានអានាម័យល្អ និងរបៀបមើលទំនិញណាដែលគ្មានគុណភាព និងហួសសុពលភាព គ្មានផ្លាកសញ្ញាត្រឹមត្រូវ ដែលវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ។ លោក ព្រៅ ខេមរិន្ទ បានបន្តទៀតថា៖ ដើម្បីធានាបាននូវសុវត្ថិភាពនៃការថែរក្សាសុខុភាពរបស់បងប្អូនប្រជាពលរដ្ឋស្របតាមផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចក្រសួងពាណិជ្ជកម្មនោះ ដូច្នេះមន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប ពួកគាត់យើងតែងតែងធ្វើការចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាពជារៀងរាល់ខែ ព្រមទាំងធ្វើការណែនាំ និង ជំរុញដល់អាជីវករទាំងអស់ ត្រូវចូលរួមសហការ និងយកចិត្តទុកដាក់ទប់ស្កាត់ទំនិញខូចគុណភាព និងហួសសុពលភាព ក្នុងន័យការពារសុខភាពប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ។ ចំពោះបញ្ហាសុវត្ថិភាពម្ហូបចំណីអាហារ វាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ភ្ញៀវជាតិអន្តរជាតិនៅពេលដែលប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៏បានទិញយកទៅប្រើប្រាស់ វាអាចបណ្តាលឲ្យមានផលបះពាល់ដល់សុខភាពយ៉ាងធ្ងន់បាន ប្រសិនបើយើងមិនយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នជាមុន។ បន្ទាប់មកយើងក៏បានធ្វើការផ្សព្វផ្សាយផ្ទាំងរូបភាព(Foster) ដល់អាជីវករ និងអ្នកលក់ដូរឲ្យពួកគាត់បានយល់ដឹងអំពីផលប៉ះពាល់នានាដែលបណ្តាលមកពីការបរិភោគចំណីអាហារដែលហួសកាលបរិច្ឆេតប្រើប្រាស់ និងចំណីអារហារដែលគ្មានអនាម័យ ជាហេតុបង្ករអោយប៉ះពាល់សុខភាពផងដែរ។
លោកក៏បានបញ្ជាក់ថា៖ ជាចុងក្រោយនេះ ចំពោះអាជីវករទាំងអស់ មេត្តាកុំយកទំនិញដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាត ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវនោះ មិនត្រូវបានដាក់តាំងលក់នៅលើទីផ្សារឡើយ ហើយក៏ត្រូវមានការថែទាំនូវទំនិញរបស់ខ្លួនឲ្យបានល្អផងដែរ ៕ ដោយ ស៊ាន សុផាត