ចិនប្រកាសនឹងចាត់វិធានការសងសឹកវិញ បន្ទាប់ពីសហរដ្ឋអាម៉េរិក បង្កើតសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ចិន៖ បន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកទៅលើទំនិញរបស់ចិន ត្រូវបានចុះហត្ថលេខាដាក់ឲ្យដំណើរជាធរមានហើយនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសភ្លាមៗ ថា ចិនត្រូវបង្ខំឲ្យចាត់វិធានការជាចាំបាច់ ដើម្បីឆ្លើយតបនឹងទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញ ខណៈលោក ដូណាល់ ត្រាំ បានព្រមានចិនដែរថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ចិនរហូតដល់៤៥០ពាន់លានដុល្លារថែមទៀត ក្នុងករណីចិននៅតែរឹងទទឹងចង់សងសឹកនឹងសហរដ្ឋអាម៉េរិក។

សូមជម្រាបថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន បានចាប់ផ្តើមជាផ្លូវការ ក្រោយរដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធលើផលិតនាំចូលពីប្រទេសចិន ដែលគិតជាទឹកប្រាក់មានទំហំសរុប៣៤ពាន់លានដុល្លារ។ ការផ្ទុះសង្រ្គាមពាណិជ្ជកម្មនាពេលនេះ ត្រូវបានគេព្រមានថា នឹងបង្កផលប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់នានាជុំវិញពិភពលោក និងបង្កឲ្យមានការកើនឡើងថ្លៃទំនិញ សម្រាប់ អាជីវកម្ម និងអតិថិជន ព្រមទាំងធ្វើឲ្យរង្គោះរង្គើទីផ្សារភាគហ៊ុននៅទូទាំងសកលលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងសេដ្ឋកិច្ចចិនបានគូសបញ្ជាក់ថា ចិនធ្លាប់សន្យាហើយថា នឹងមិនបាញ់គ្រាប់កាំភ្លើងចេញមុននោះទេ ប៉ុន្តែដើម្បីការពារប្រយោជន៍ស្នូលនៃប្រទេសជាតិ និងប្រយោជន៍នៃប្រជាជននោះ ចិនត្រូវតែបង្ខំចិត្តចាត់វិធានការចាំបាច់ដើម្បីតបតទៅវិញ។ ទោះបីជាសេចក្តីថ្លែងការណ៍ខាងលើនេះ មិនបានបញ្ជាក់ថា ចំណាត់ការឆ្លើយតបនោះ គឺជាអ្វីឲ្យប្រាកដក៏ដោយ ប៉ុន្តែចិនធ្លាប់បានអះអាងហើយថា ខ្លួននឹងដំឡើងពន្ធតបទៅសហរដ្ឋអាម៉េរិកក្នុងតម្លៃដូចគ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner