ឃាតកម្មបាញ់សម្លាប់ថៅកែសិប្បកម្មទឹកសុទ្ធនៅក្នុងស្រុកទឹកផុស៖ ក្រុមគ្រួសារជនរងគ្រោះ សំណូមពរឲ្យសមត្ថកិច្ចពន្លឿនការស្រាវជ្រាវចាប់ឃាតករ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃនេះ មានរយៈពេលជិត២ខែហើយ បន្ទាប់ពីបុរសជាថៅកែសិប្បកម្មទឹកសុទ្ធម្នាក់ត្រូវបានជនប្រដាប់អាវុធម្នាក់ ប្លន់បាញ់ត្រូវ៣គ្រាប់ ស្លាប់កាលយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក  ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។  សូមរម្លឹកថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ក្រោយពេលកើតហេតុ១យប់ នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់អាកាចំនួន៣គ្រាប់នៅជុំវិញឡានទឹកសុទ្ធ មុខផ្ទះជនរគ្រោះ និងបានស្រាវជ្រាវរកឃើញម៉ូតូចាស់១គ្រឿង ម៉ាកហុងដាហ្វេ្រស១គ្រឿង អត់ផ្លាកលេខ ដែលជនដៃដល់បានផ្តួលចោលនៅកណ្តាលវាលស្រែខាងត្បូងផ្លូវជាតិលេខ៥៣ មានចម្ងាយជាង១គីឡូម៉ែត្រ ខាងកើតកន្លែងកើតហេតុ។ សម្ភារៈដែលនៅជាប់នឹងម៉ូតូ មានការ៉ុងស១ សម្រាប់រុំកាំភ្លើងអាកា  (ការ៉ុងនោះមានគ្រាប់អាកា៤គ្រាប់ និងបាយ១ស្បោងផងដែរ) ហើយករណីឃាតកម្មនេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចជារឿងគំនុំ។

ពាក់ព័ន្ធនឹងការបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាននៅឡើយទេ ចំណែកក្រុមគ្រួសារជនរងគ្រោះ បិទទ្វារផ្ទះចោលមិនហ៊ានរស់នៅឡើយ ព្រោះតែខ្លាចឃាតករមកបាញ់សម្លាប់ក្រុមគ្រួសារគាត់ម្តងទៀត។ ដោយសារការភ័យខ្លាចដិតដាមជាប់ក្នុងចិត្តពីមួយថ្ងៃទៅមួយថ្ងៃ  ក្រុមគ្រួសារជនរងគ្រោះសំណូមពរ អាជ្ញាធរខេត្តជួយជំរុញ និងពន្លឿនឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនដៃដល់ឲ្យបានទើបពួកគាត់រស់បានសុខ។

លោក មុយ ប៊ុនធៀង ជាកូនជនបង្កើតជនរគ្រោះ ឈ្មោះលោក ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធ បានឲ្យដឹងនៅថ្ងៃល្ងាចទី០៥ ខែកក្កដានេះថា៖ ឪពុកលោកត្រូវឃាតករបាញ់សម្លាប់គិតមកដល់ថ្ងៃនេះ មានរយៈពេល៥០ថ្ងៃហើយ ប៉ុន្តែសមត្ថកិច្ចនគរបាលជំនាញ មិនទាន់ស្វែងរកចាប់ខ្លួនជនដៃដល់បាននៅឡើយ ដែលធ្វើឲ្យពួកគាត់ជាកូនចៅរស់នៅទាំងភ័យខ្លាចយ៉ាងខ្លាំង។

សព្វថ្ងៃនេះពួកគាត់បានបិទទ្វារផ្ទះចោល ពេលយប់ឡើងនាំគ្នាទៅដេកផ្ទះបងប្អូន មិនហ៊ានដេកនៅក្នុងផ្ទះកន្លែងកើតហេតុទេ ព្រោះតែខ្លាចជនដៃដល់មកបាញ់សម្លាប់ក្រុមគ្រួសារគាត់ម្តងទៀត ម៉្យាងទៀតអាជីវករផលិត និងលក់ទឹកសុទ្ធក៏បានផ្អាកផងដែរ មិនហ៊ានដឹកយកទៅលក់ដូរទេ។ ហេតុនេះពួកគាត់ សំណូមពរដល់លោកអភិបាលខេត្ត សមត្ថកិច្ចនគរបាលខេត្ត និងនគរបាលក្រ សួងមហាផ្ទៃ មេត្តាជួយពន្លឿនការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់ជាឃាតករ យកមកផ្តន្ទាទោសឲ្យបាន ទើបពួកគាត់ឈប់ភ័យខ្លាច និងអាចរស់នៅដោយសុខសាន្ត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner