កម្លាំងកងអន្តរាគមន៍ពិសេសជាង៣០០នាក់ហ្វឹកហាត់សមយុទ្ធជាក់ស្តែងដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាបបាតុកម្មខុសច្បាប់ រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ នៅក្នុងពេលបោះឆ្នោត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ មានការហ្វឹកហាត់ និងរៀបចំសមយុទ្ធជាក់ស្តែងរបស់កងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំងជាង៣០០នាក់ នៅក្នុងតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាបបាតុកម្មខុសច្បាប់ រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ នៅក្នុងពេលបោះឆ្នោត ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ការធ្វើសមយុទ្ធរបស់កងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង នៅក្នុងថ្ងៃនេះ គឺដើម្បីហ្វឹកហាត់លំហាត់ជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបាតុកម្មជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព គុណភាព និងបច្ចេកទេសប្រតិបត្តិការរបស់កងកម្លាំងអន្តរាគមន៍ ដើម្បីឈានទៅសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ  សម្រេចបានជោគជ័យក្នុងពេលបោះឆ្នោតខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានបន្តថា៖ កងអន្តរាគមន៍ពិសេសនេះ ចែកចេញជាកងដំបងខែល កងដំបងឆក់ កងបាញ់កាំភ្លើងឧស្ម័ន កងកាំភ្លើងគាំទ្រ កងរថយន្តសង្គ្រោះ និងកងរថយន្តបាញ់ទឹកដែលមានចំនួនសរុបជាង៣០០នាក់។ កងអន្តរាគមន៍ពិសេសទាំងអស់ខាងលើនេះ ត្រូវមានមុខត្រៀម២៤ម៉ោងនៅក្នុងស្នងការដ្ឋាន និងតាមគោលដៅពិសេសមួយចំនួន ដើម្បីរង់ចាំទទួលបទបញ្ជាចេញប្រតិបត្តិការពេលមានបាតុកម្មខុសច្បាប់ និងរក្សាសណ្តាប់ធ្នាប់ សន្តិសុខនៅគ្រប់ទីកន្លែង និងបង្ក្រាបគ្រប់សកម្ម ភាពរបស់ក្រុមអគតិ ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោតគ្រប់រូបភាព នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្នុងពេលរាប់សន្លឹកឆ្នោត រហូតដល់ពេលប្រកាសសមាសភាពរាជរដ្ឋាភិបាលថ្មីដែលកើតឡើងដោយការបោះឆ្នោត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner